Pierre-Emerick Aubameyang រកបានគ្រាប់បាល់ដំបូងសម្រាប់ Barcelona ដោយស៊ុតហ៊ែតទ្រីក ជួយក្រុមលោក Xavi លត់ម្ចាស់ផ្ទះ Valencia ៤-១ និងបង្កើនស្ថិតិមិនចាញ់ក្នុង La Liga ដល់៩ប្រកួតជាប់គ្នា។
Aubameyang ដែលចេញពី Arsenal ដោយគ្មានតម្លៃផ្ទេរនិងក្លាយជាកីឡាករ Barcelona ផ្លូវការនៅថ្ងៃទី២ខែកុម្ភៈ បានលេងក្នុងជម្រើស១១នាក់ដំបូងលើកទី១ក្នុង La Liga ក្នុងរាត្រីថ្ងៃអាទិត្យទី២០ខែកុម្ភៈឆ្នាំ២០២២។
ខ្សែប្រយុទ្ធជម្រើសជាតិហ្គាបុងរូបនេះផ្ដើមរកបានគ្រាប់បាល់ក្នុងនាទីទី២៣ រួច Frenkie de Jong ពែនបញ្ចូលទីគ្រាប់ទី២សម្រាប់ Barca មុនពេល Aubameyang រកបាន១គ្រាប់ទៀតក្នុងនាទី៣៨។
ខ្សែបម្រើអេស្ប៉ាញ Carlos Soler រកបាន១គ្រាប់សងវិញសម្រាប់ Valencia ក្នុងនាទី៥២។
នៅនាទី៦៣ ខ្សែបម្រើប្រយុទ្ធវ័យ១៩ឆ្នាំ Pedri បានស៊ុតមួយជើងពីចម្ងាយយ៉ាងស្អាតយកគ្រាប់ទី៤សម្រាប់ Barca។ ដំបូង គ្រាប់នេះត្រូវបានផ្ដល់ឱ្យ Pedri។ តែបន្ទាប់ពីពិនិត្យឡើងវិញឃើញថាបាល់បានហោះទៅបុកខ្នង Aubameyang មុនចូលទី ដូច្នេះក៏ប្ដូរទៅឱ្យ Aubameyang វិញ ដែលជាគ្រាប់ហ៊ែតទ្រីករបស់គេក្នុងប្រកួតនេះ។
អតីតប្រធានក្រុម Arsenal ប៊ិះរកបាន១គ្រាប់ថែមទៀតនាពេលបន្ទាប់នៅពេលបាល់ធ្លាក់មកចំពីមុខគេក្នុងប្រអប់ ប៉ុន្តែត្រូវបានអ្នកចាំទី Giorgi Mamardashvili សង្គ្រោះបាន។
ខ្សែបម្រើការពារ Sergio Busquets បាននិយាយថាតាំងពីមកដល់បាសេឡូណា Aubameyang ខំប្រឹងហ្វឹកហាត់ខ្លាំងណាស់។ គេជាកីឡាករអស្ចារ្យម្នាក់។ ការមានគេនៅក្នុងក្រុមដោយចូលរួមដោយមិនអស់តម្លៃផ្ទេរគឺពិតជាវិជ្ជមានសម្រាប់ Barca។
សូមជម្រាបថា Aubameyang ក្លាយជាកីឡាករទី៤ក្នុងសតវត្សរ៍ទី២១នេះដែលរកបានគ្រាប់បាល់នៅ Bundesliga (៩៨គ្រាប់)ផង, Ligue 1 (៤១គ្រាប់)ផង, Premier League (៦៨គ្រាប់)ផង និង La Liga ផង បន្ទាប់ពី James Rodriguez, Michy Batshuayi និង Stevan Jovetic ដែលកីឡាករខាងក្រោយនេះរកបានគ្រាប់បាល់ក្នុង Serie A ថែមទៀតផង៕