ក្លិបបាល់ទាត់ Ajax បានយល់ព្រមផ្ដល់សំណង៧,៨៥លានអឺរ៉ូ (៨,៨៨លានដុល្លារ) ដល់គ្រួសាររបស់កីឡាករ Abdelhak Nouri ដែលបានក្លាយជាមនុស្សរុក្ខជាតិ ដោយសារតែការខ្វះចន្លោះនៃការព្យាបាលដែលបណ្ដាលឱ្យ Nouri ខូចខួរក្បាលជាអចិន្ត្រៃយ៍។
ក្នុងខែកក្កដាឆ្នាំ២០១៧ អំឡុងការប្រកួតមិត្តភាពរដូវកាលត្រៀមរវាង Ajax និង Werder Bremen ខ្សែបម្រើ Nouri ដែលកាលណោះមានវ័យ២០ឆ្នាំ បានគាំងបេះដូងនៅលើទីលាន។ ការស៊ើបអង្កេតមួយបានរកឃើញថាក្រុមគ្រូពេទ្យបានចំណាយពេលយូរពេកលើការព្យាយាមសម្អាតផ្លូវដង្ហើមនិងយឺតយ៉ាវពេកក្នុងការប្រើឧបករណ៍ជំនួយបេះដូង ទើបបណ្ដាលឱ្យ Nouri ក្លាយជាបែបនេះ។
Ajax បានបង់ថ្លៃចំណាយព្យាបាលសម្រាប់ Nouri តាំងពីពេលនោះមក ហើយពួកគេនិយាយថានឹងបន្តរ៉ាប់រងថ្លៃចំណាយនេះបន្តទៀត។
គ្រួសាររបស់ Nouri បានប្ដឹងក្លិប Ajax ហើយឥឡូវនេះពួកគេបានយល់ព្រមទទួលសំណងយ៉ាងច្រើនខាងលើ ជំនួសឱ្យការតតាំងក្ដីនៅក្នុងគណៈកម្មាធិការមជ្ឈត្តកម្មនៃសហព័ន្ធកីឡាបាល់ទាត់ហុល្លង់។
នាយកប្រតិបត្តិក្លិប Ajax លោក Edwin van der Sar បាននិយាយថាវាល្អដែលភាគីទាំងសងខាងឈានដល់ការព្រមព្រៀងគ្នានេះ ហើយបញ្ហាត្រូវបានបញ្ចប់។ លោកថាគ្រប់គ្នាដឹងអំពីភាពឈឺចាប់សម្រាប់ Nouri និងសាច់ញាតិរបស់គេ ដែលគ្មានទីបញ្ចប់។ វាជាស្ថានភាពដ៏ក្រៀមក្រំមួយ ហើយគ្រប់គ្នានៅ Ajax ក៏មានអារម្មណ៍នេះដែរ។
សូមរំឭកថា Nouri ជាអតីតកីឡាករជម្រើសជាតិU21ហុល្លង់ និងបានលេងឱ្យក្រុមធំ Ajax ១៥លើក មុនពេលមានបញ្ហា។
ក្លិប Ajax បានដាក់ឱ្យចូលនិវត្តន៍លេខ៣៤នៅក្នុងក្លិប ដែលជាលេខ Nouri ធ្លាប់ប្រើ ហើយ Ajax បានដាក់ឈ្មោះពានរង្វាន់មួយឈ្មោះ Abdelhak Nouri Trophy ដើម្បីផ្ដល់ជូនកីឡាករថ្នាលល្អបំផុតរបស់ក្លិបជារៀងរាល់ឆ្នាំ៕