វីរបុរសរបស់ក្លិបបិសាចក្រហម លោក Roy Keane បានទទូចឱ្យ Cristiano Ronaldo បន្ដលេងនៅ Manchester United នៅរដូវកាលបន្ទាប់ ស្របពេលដែលមានការរាយការណ៍ថា ខ្សែប្រយុទ្ធព័រទុយហ្កាល់រូបនេះ មានបំណងចង់ចាកចេញពីក្លិប។
Ronaldo បានចុះកុងត្រារយៈពេល២ឆ្នាំ Old Trafford កាលពីរដូវក្ដៅឆ្នាំមុន ប៉ុន្ដែក្រុមបិសាចក្រហម មិនទទួលបានលទ្ធផលល្អនោះទេ សម្រាប់ការត្រលប់មកវិញរបស់ម្ចាស់អាវលេខ៧រូបនេះ ហើយមានដំណឹងលេចឮថា គេអាចនឹងចែកផ្លូវគ្នាជាមួយក្លិបមុនពេលផុតកុងត្រា។
Ronaldo មានការភ្ជាប់ទៅនឹងការត្រលប់ទៅ Real Madrid ជាក្លិបដែលគេទទួលបានបានជោគជ័យបំផុត សម្រាប់ការប្រកបអាជីពរវាងឆ្នាំ២០០៩ ដល់២០១៨។
ស្របពេលដែល ការមកដល់របស់អ្នកចាត់ការថ្មីលោក Erik ten Hag ត្រូវបានលើកជាសំណួរថាតើ Ronaldo ស្ថិតនៅក្នុងគម្រោងរបស់បុរសជនជាតិហូឡង់រូបនេះដែរឬទេ។
ប៉ុន្ដែលោក Keane គ្មានភាពស្ទាក់ស្ទើរក្នុងការនិយាយថា Ronaldo នឹងជាផ្នែកមួយនៃក្រុមបិសាចក្រហមនារដូវកាលក្រោយ។
នៅពេលត្រូវបានសួរថា ក្នុងជំនួបរវាង Man Utd ទល់នឹង Brentford អាចជាការបង្ហាញខ្លួននៅ Old Trafford លើកចុងក្រោយរបស់ Ronaldo សម្រាប់ក្រុមបិសាចក្រហមឬយ៉ាងណា លោក Keane បានតបថា៖ “ខ្ញុំមិនគិតដូច្នេះទេ។ ខ្ញុំដឹងថាមានភាពស្រពេចស្រពិល ប៉ុន្ដែខ្ញុំមិនអាចស្រមៃថា Ronaldo មិនលេងនៅ Man United ឆ្នាំក្រោយទេ លុះត្រាតែ មានការផ្លាស់ប្ដូរដ៏ខ្លាំងក្លានៅរដូវក្ដៅ”៕