ក្នុងពេលប្រមូលផ្តុំថ្នាលជម្រើសជាតិកីឡាបាល់ទាត់លើតុកម្ពុជា ត្រៀមទៅចូលរួមព្រឹត្តិការណ៍កីឡាយុវជនអាស៊ី លើកទី៣ នៅប្រទេសបារ៉ែន ឆ្នាំ២០២៥ លោកស្រី ងួន ច័ន្ទបូរមី គ្រូបង្វឹកថ្នាលជម្រើសជាតិកីឡាបាល់ទាត់លើតុកម្ពុជា បានលើកឡើងជុំវិញការត្រៀមខ្លួន និងសកម្មភាពហ្វឹកហាត់ជាប្រចាំរបស់ក្រុមថ្នាលជម្រើសជាតិមួយរយៈពេលមកនេះសង្កេតឃើញថាសមត្ថភាពក្រុមកីឡាករទាំងអស់មានភាពវិវត្តទៅមុខប្រសើរឡើងពីមួយដំណាក់កាលទៅមួយដំណាក់កាល។
អតីតកីឡាការិនីជម្រើសជាតិបាល់ទាត់លើតុកម្ពុជារូបនេះបន្ថែមថាថ្វីបើក្រុមកីឡាករប្រមូលផ្តុំហ្វឹកហាត់បានរយៈពេលខ្លីក៏ពិតមែន តែគាត់នៅតែជឿជាក់ និងប្តេជ្ញាលើក្រុមកីឡាករ ខ្លួនតាមរយៈការខិតខំហ្វឹកហាត់ ក៏ដូចជាការប្រកួតសាកល្បងតេស្តសមត្ថភាពជាប្រចាំក្នុងជំរុំហ្វឹកហាត់។
ការប្រកួតកីឡាយុវជនអាស៊ី លើកទី៣ នៅប្រទេសបារ៉ែន នឹងប្រព្រឹត្តទៅពីថ្ងៃទី២២-៣១ ខែតុលា ឆ្នាំ២០២៥ ដោយកម្ពុជាបានត្រៀមបញ្ជូនអត្តពលិកចំនួន ១៧ប្រភេទកីឡាចូលរួមមាន។ សម្រាប់ប្រភេទកីឡាបាល់ទាត់លើតុបានបញ្ជូនទៅ២វិញ្ញាសារ ក្នុងនោះរួមមានប្រកួតគូបុរស និងប្រកួតឯកត្តជនបុរស៕