Skip to content
សម្ដេចតេជោ ហ៊ុន សែន ផ្ដល់អនុសាសន៍សំខាន់ៗក្នុងការត្រៀមស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម២០២៣
    ទំព័រដើម  »  កីឡាជាតិ  »  ផ្សេងៗ

សម្ដេចតេជោ ហ៊ុន សែន ផ្ដល់អនុសាសន៍សំខាន់ៗក្នុងការត្រៀមស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម២០២៣


សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ាហ្គេម និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ នៅព្រឹកថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ២០២២ នាសណ្ឋាគារសុខាអូតែល រាជធានីភ្នំពេញ។

សម្ដេចប្រមុខរាជរដ្ឋាភិបាលមានប្រសាសន៍ថា កម្ពុជាបានទន្ទឹងរង់ចាំយ៉ាងយូរមកហើយទម្រាំសម្រេចឯកភាពជ្រើសរើសឆ្នាំ២០២៣ជាឆ្នាំរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឬស៊ីហ្គេម និអាស៊ានប៉ារ៉ាហ្គេមជាលើកដំបូង។

ដើម្បីរួមចំណែកឲ្យដំណើរការរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំតំបន់នេះកាន់តែរលូន និងទទួលបានជោគជ័យសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្ដល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់មួយចំនួន ថា ៖

១. គណៈកម្មការរៀបចំស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ត្រូវយកចិត្តទុកដាក់លើគ្រប់មុខសញ្ញា គ្រប់គ្រងព្រឹត្តិការណ៍សំខាន់ៗឲ្យបានរួចរាល់ និងទាន់ពេល ពិសេសការងារដែលត្រូវការពេលយូរ ត្រូវចាប់ផ្ដើមពីពេលនេះតទៅ ដូចជាការជួសជុលកែលម្អទីលានប្រកួត រៀបចំប្រព័ន្ធគ្រប់បច្ចេកវិទ្យា ការរៀបចំពិធីបើក ពិធីបិទ កន្លែងហូបចុកស្នាក់នៅ និងដឹកជញ្ជូន។ ជំរុញខ្លាំងថែមទៀត ក្នុងការអភិវឌ្ឍបច្ចេកទេសកីឡា ទាំងល្បុក្កតោ ខ្មែរ និងគុនឥណ្ឌូនេស៊ី ដែលមានឈ្មោះថា សីឡា បានឯកភាពជួយពីរដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី និងកីឡាយូដូពីអតីតឯកអគ្គរាជទូតជប៉ុន។

២. អំពាវនាវប្រព័ន្ធផ្សព្វផ្សាយទាំងរដ្ឋ និងឯកជនចូលរួមយុទ្ធនាការផ្សព្វផ្សាយ និងយុទ្ធនាការលាងសម្អាតផ្ទះ និងសង្គមយើងតាមរយៈយុទ្ធនាការប្រជាជនលេងកីឡាមួយមុខយ៉ាងតិច, កម្ពុជាស្អាត បដិសណ្ឋារកិច្ចល្អ សេវាល្អ, កម្ពុជាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងគ្រឿងញៀន, កីឡារស់ក្នុងសន្តិភាព ឲ្យបានផុលផុសទាំងក្នុង និងក្រៅប្រទេស។

៣. ស្នើក្រសួងអប់រំ យុវជន និងកីឡា ពិនិត្យលទ្ធភាពពន្យារវិស្សមកាលតូចអំឡុងចូលឆ្នាំខ្មែរ ប្រពៃណីជាតិ រហូតដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ដើម្បីផ្ដល់ឱកាសដល់សិស្សនិស្សិតបានចូលរួមបម្រើការងារជាអ្នកស្ម័គ្រចិត្ត និងចូលរួមអបអរសាទរលើកទឹកចិត្តកីឡាករ កីឡាការិនីជាតិ និងអន្តរជាតិ។

៤. អំពាវនាវដល់សមាជិកស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ផ្ដល់ការគាំទ្រតាមដែលអាចធ្វើទៅបានដើម្បីឲ្យការរៀបចំស៊ីហ្គេម និងអាស៊ាន ប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ទទួលបានជោគជ័យ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ និងឯកឧត្តម លោកជំទាវ ដែលជាអនុប្រធាន និងជាសមាជិកគណៈកម្មាធិការចំពោះ កិច្ចសហការល្អក្នុងការរៀបចំកិច្ចប្រជុំក្រុមប្រឹក្សានេះ។


គួរបញ្ជាក់ថា កិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ាហ្គេម និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ប្រព្រឹត្តទៅពីថ្ងៃចន្ទទី១១ ដល់ថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០២២៕