យុវជន កេង កិត្តិគុណ ជាកីឡាករថ្នាលជម្រើសជាតិកីឡាវាយកូនឃ្លីលើតុកម្ពុជាលើសពីនេះរូបគេក៏ជាអ្នកស្នេហាវិស័យប្រណាំងយាន្តយន្តមួយរូបផងដែរ។ ដោយសារតែចិត្តស្រឡាញ់តាំងពីតូចខ្លះផងយុវជនវ័យ១៧ លើកឡើងថាគេសម្រេចចិត្តចូលជិះម៉ូតូបែបប្រណាំងនេះក្នុងចុងឆ្នាំ២០២៣។
ក្រុមគ្រួសាររបស់សិស្សសាលាអន្តរជាតិផារ៉ាហ្គនដដែលមិនជាសាទរប៉ុន្មាន តែគេនៅតែបន្តទៅហ្វឹកហាត់ ឬហៅថា Track’s Day ជាប្រចាំ។ កិត្តិគុណ ថាពេលបានជិះម៉ូតូស្ព័រម្តងៗគេទទួលបានអារម្មណ៍មួយប្លែកខុសពីការលេងប៉េងប៉ុង ត្រង់បរិយាកាសនៃទីលានប្រណាំងមានភាពស្រស់ស្រាយដែលធ្វើឱ្យគេអាចបន្ធូរការស្មុគស្មាញផ្សេងៗបានល្អជាងការលេងកូនបាល់លើតុម៉្យាង។
ជាមួយគ្នាដែរសិស្សទី១២ក៏បន្ថែមថាទោះយ៉ាងណាការប្រណាំងម៉ូតូនេះគេទុកគ្រាន់ការកំសាន្តមួយទេ។ ពីព្រោះកីឡាគោលដែលកូនអ្នកភ្នំពេញចង់ចាប់ជាអាជីពនោះគឺកីឡាវាយកូនឃ្លីលើតុឯណោះទេ៕