ក្មេងប្រុសអាយុ១៣ឆ្នាំម្នាក់បានបង្កើតប្រវិត្តសាស្ត្រថ្មីដោយក្លាយជាកីឡាករវ័យក្មេងបំផុតប្រចាំចក្រភពអង់គ្លេសក្រោយការបង្ហាញខ្លួនឲ្យក្លិបបាល់ទាត់អាជីពឈុតធំ។
Christopher Atherton បានប្តូរចូលនៅវគ្គទី២សម្រាប់ក្លិបអៀរឡង់ខាងជើង Glenavon ទល់នឹង Dollingstown ក្នុងការប្រកួត League Cup ដោយមានវ័យត្រឹម 13 ឆ្នាំ 329ថ្ងៃ។មិនត្រឹមតែបង្កើតកំណត់ត្រាថ្មីប៉ុណ្ណោះទេក្រោយពីបានចូលលេងរូបគេក៏បានបញ្ជូនបាល់ឲ្យមិត្តរួមក្រុមផងដែរសម្រាប់គ្រាប់បាល់ទី៦របស់ Glenavon។
Athertonបានបំបែកនូវកំណត់ត្រារបស់កីឡាករ Eamon Collins ដែលបានកាន់កាប់អស់រយៈពេល៤២ឆ្នាំមកហើយនៅពេលដែល Collins ចូលលេងឲ្យ Backpool នៅថ្ងៃទី09 ខែកញ្ញា ឆ្នាំ1980 ក្នុងវ័យ 14ឆ្នាំ 323ថ្ងៃ។
ចំពោះកំណត់ត្រាពិភពលោកសម្រាប់កីឡាករអាជីពវ័យក្មេងបំផុតបានទៅលើកីឡាករ Eric Godpower Marshall ដែលមានអាយុ១១ឆ្នាំកាលពីឆ្នាំមុននៅពេលដែលរូបគេចូលលេងឲ្យក្រុម Gar’ou ប្រកួតទល់នឹង Haifa FC។ Marshall បានបំបែកកំណត់ត្រាចាស់របស់កីឡាករបូលីវី Mauricio Baldivieso ដែលបានបង្ហាញខ្លួនឲ្យ Club Aurora ប្រកួតនឹង La Paz កាលពីខែកក្កដា ឆ្នាំ 2009។
ក្រោយការបង្ហាញខ្លួនលើកដំបូងរបស់ Atherton គណនី Twitter ផ្លូវការរបស់ Glenavon បានបង្ហោះថា៖ “មិនត្រឹមតែបង្ហាញខ្លួនជាលើកដំបូងទេ ប៉ុន្តែការប៉ះបាល់លើកដំបូងរបស់គេនៅយប់នេះគឺជាបាល់ assist! វាគឺជាការបង្ហាញខ្លួនដ៏អស្ចារ្យ”។អ្នកគាំទ្រនៅក្នុងក្លិបក៏បានបង្ហោះសារជូនពរកីឡាកររូបនេះផងដែរសម្រាប់កំណត់ត្រាថ្មីៗនិងសង្ឃឹមថារូបគេនឹងក្លាយជាកីឡាករដ៏ល្អមួយរូបនាថ្ងៃអនាគត។
កាសែត Belfast Telegraph បានរាយការណ៍ថា Atherton ធ្លាប់បានចូលរួមហ្វឹកហ្វាត់ជាក្លិបមួយចំនួនរួមទាំង Dundee United របស់ Scottish Premiership ផងដែរ។ក្រុមលេងនៅលីគ NIFL Premiership មួយនេះបានយកឈ្នះដៃគូប្រកួតរបស់ខ្លួនក្នុងពាន់រង្វាន់ League Cup ដោយលទ្ធផល6-0 កាលពីយប់ថ្ងៃទី13 ខែកញ្ញា ឆ្នាំ2022។