នៅក្នុងការប្រកួតរវាង ឡាយហ្វ ខេត្តព្រះសីហនុ ទល់នឹង អង្គរស៊ីធី អេហ្វស៊ី ដែលបញ្ចប់ទៅដោយលទ្ធផល ១ទល់នឹង ១ កាលពីថ្ងៃ សៅរ៍ ទី ១៦ ខែ កញ្ញា ឆ្នាំ ២០២៣។ មានទស្សនិកជនចូលរួមចំនួន ១៣៧៥នាក់ ក្នុងការប្រកួតដំបូងបង្អស់ក្នុង Cambodian League 2 នៅកីឡដ្ឋាន ឡាយហ្វ ។ ដែលទើបនឹងសាងសង់ឡើងទស្សនិកជនដែលបានចូលរួមទស្សនាមានអារម្មណ៍សប្បាយរីករាយនៅពេលមានការប្រកួតកម្រិតលីគអាជីពក្នុងខេត្តរបស់ខ្លួនជាពិសេសការមានក្លិបអាជីពមួយតំណាងខេត្ត និងមានមោទកភាពសម្រាប់ពួកគេក្នុងការចូលរួមគាំទ្រ។
ក្នុងចំណោមអ្នកទស្សនា ១០០០នាក់ជាងដែលបានចូលរួមទស្សនានៅថ្ងៃចុងសប្តាហ៍នោះ យុវតី រស្មី និង នីតា បានលើកឡើងថាខ្លួននិងអ្នកនៅខេត្តព្រះសីហនុមានមោទនភាពណាស់ដែលខេត្តរបស់ខ្លួនមានក្លិបបាល់ទាត់អាជីពនិងបានលេងនៅក្នុង Cambodian League 2 ហើយចង់ឱ្យ ឡាយហ្វ បន្តរីកចម្រើនទៅមុខទៀតដើម្បីលើកមុខមាត់ខេត្តព្រះសីហនុទាំងមូលនិងសុំឱ្យអ្នកនៅក្នុងខេត្តមកគាំទ្រ ឡាយហ្វ ឲ្យបានច្រើនជាងនេះ។
ជាមួយគ្នានេះផងដែរយុវជន វ៉ា ឈុនញៀន ជាសិស្សថ្នាក់ទី១១ នៅសាលារៀន ឡាយហ្វ បាននិយាយថាធ្លាប់តែគិតស្រមៃចង់ឲ្យមានក្លិបក្នុងខេត្តរបស់ខ្លួនតែពេលនេះបានក្លាយជាការពិតហើយសប្បាយចិត្តខ្លាំងដែលពេលនេះមានក្លិបបាល់ទាត់ ឡាយហ្វ ជាក្លិបទី១ក្នុងខេត្តព្រះសីហនុ ។