ទោះចាញ់ម្ចាស់មេដាយមាសពិភពលោក៣ជំនាន់ Geno Petriashvili កាលថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ក៏កីឡាករចំបាប់កម្ពុជា ស៊ូ បាលី មិនទាន់អស់ឱកាសប្រជែងមេដាយកម្រិតពិភពលោក ២០២៣ នៅប្រទសស៊ែប៊ី ដែរ។
ម្ចាស់មេដាយមាសស៊ីហ្គេម២០២៣កម្ពុជារូបនេះនៅសល់ការប្រកួតឆ្ពោះទៅយកមេដាយសំរឹទ្ធនៅថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា នេះ ដោយត្រូវប៉ះកីឡាកររុស្ស៊ី Abdulla Kurbanov នៅម៉ោង៣និង៣៨នាទីរសៀល។ ចំណែកការប្រកួតឡើងវិញ១គូទៀត ដែលត្រូវធ្វើនៅថ្ងៃអាទិត្យនេះដែរ គឺជាការជួបគ្នារវាងកីឡាករ Dziania Khramiakou និងកីឡាករ Jonovan Darius ហើយសម្រាប់ការប្រកួតឡើងវិញទាំង២គូនេះ គឺអ្នកឈ្នះ ត្រូវឡើងទៅជួបគ្នា ដើម្បីដណ្តើមយកមេដាយសំរឹទ្ធ។
លោក Casey Barnett អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងជាអ្នកដឹកនាំកីឡាករ ស៊ូ បាលី ទៅចូលរួមការប្រកួតជើងឯកពិភពលោក បានឱ្យដឹងថា “៖ ការចាញ់ម្ចាស់មេដាយមាសពិភពលោក Geno Petriashvili របស់កីឡាករ ស៊ូ បាលី ជាលទ្ធផលគួរសមមួយ ហើយយើងនឹងមានឱកាសប្រកួតម្តងទៀត ដែលអាចនឹងទទួលបានមេដាយសំរឹទ្ធ និងមួយទៀត អាចឈ្នះបានសិទ្ធិ សម្រាប់ទៅចូលរួមការប្រកួតអូឡាំពិក។”