សហព័ន្ធកីឡាទូកក្ដោងកម្ពុជាបានបើកពិធីសម្ពោធមជ្ឈមណ្ឌលហ្វឹកហ្វឺននៅខេត្តព្រះសីហនុ កាលថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលបានការឧបត្ថម្ភដោយ CANOPY SAND Developmen។
ពិធីសម្ពោធនេះធ្វើឡើងក្រោ1មអធិបតីភាព លោក សោម សុទ្ធរិទ្ធិពង្ស អគ្គលេខាធិការ នៃសហព័ន្ធកីឡាទូកក្តោងកម្ពុជា តំណាងឯកឧត្តម ថាង ហ្គោដុន ប្រធានសហព័ន្ធ និងឯកឧត្តម ថោង រដ្ឋសក្តិ អនុប្រធានអចិន្ត្រៃយ៍ នៃសហព័ន្ធកីឡាទូកក្តោងកម្ពុជា និង លោក Edward Lee នាយកប្រតិបត្តិ និងលោក Jimmy He ប្រធានគ្រប់គ្រងដៃគូឧបត្ថម្ភ។
អាគារហ្វឹកហ្វឺននេះមានកម្ពស់មួយជាន់ មាន៤បន្ទប់ និងមានឃ្លាំងសម្រាប់ទុកសម្ភារ:ទូកក្តោងចំនួន១ ស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ Bay of Light ស្ថិតក្នុងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងបានសាងសង់រួចរាល់ជាស្ថាពរនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
សមិទ្ធិផល នៃមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាទូកក្តោងនេះ គឺជាការអភិវឌ្ឍបោះជំហានទៅមុខដ៏ធំមួយរបស់ សហព័ន្ធកីឡាទូកក្តោងកម្ពុជា ក្នុងសម្រួច និងបណ្តុះបណ្តាលវិស័យកីឡាទូកក្តោងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ទីតាំងនេះ នឹងក្លាយទៅជាកន្លែងបណ្តុះបណ្តាលក្រុមកីឡាករ កីឡាការិនីទូកក្តោងកម្រិតខ្ពស់ យុវជនថ្នាល និងបណ្តុះបណ្តាល មន្ត្រីបច្ចេកទេសរៀបចំការប្រកួត ចៅក្រម និងគ្រូបង្វឹកកម្រិតជាតិ និងអន្តរជាតិផងដែរ។ ជាពិសេសគឺជាទីតាំងសម្រាប់បម្រើដល់ការរៀបចំការប្រកួតកីឡាទូកក្តោងទាំងកម្រិត ជាតិ និងអន្តរជាតិ ព្រមទាំងការផ្សព្វផ្សាយអំពីប្រភេទកីឡាទូកក្តោងទៅដល់ប្រជាជនកម្ពុជា និងបរទេស ដើម្បីមកសាកល្បង និងចូលរួមហ្វឹកហាត់កីឡាទូកក្តោង។
មជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាទូកក្តោងនេះ ក៏ជាផ្នែកមួយដ៏សំខាន់សម្រាប់កីឡាទេសចរណ៍ ដោយអាចទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិអោយចូលមកកម្សាន្ត និងមើលឃើញពីការអភិវឌ្ឍនៃហេដ្ឋារចនាសម្ព័ន្ធថ្មីរបស់ខេត្តព្រះសីហនុ។
នេះគឺជាជោគជ័យថ្មីមួយ របស់សហព័ន្ធកីឡាទូកក្តោងកម្ពុជា បន្ទាប់ពីការធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ នៅទីលានតេជោ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយទទួលបានមេដាយចំនួន ២គ្រឿង គឺមេដាយប្រាក់ ១គ្រឿង លើវិញ្ញាសា Windsurfing RS:One និងមេដាយសំរឹទ្ធ ១គ្រឿងលើវិញ្ញាសា Windsurfing RS:X។
សូមបញ្ជាប់ផងដែរថា សហព័ន្ធកីឡាទូកក្តោងកម្ពុជា គ្រោងនឹងរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាទូកក្តោងជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៣ក្នុងខែធ្នូ ឆ្នាំ២០២៣ ខាងមុខ៕