កីឡាករកាយវប្បកម្មកម្ពុជា សំបូរ សោភ័ណ្ឌ បានអះអាងថាការចេញទៅប្រទេសថៃចូលរួមក្នុងកម្មវិធីជើងឯកកាយវប្បកម្ម PCA Elite Classic នេះអាចជាលើកចុងក្រោយរបស់លោក ពោលលោកទំនងនឹងបង្ខំចិត្តឈប់ចូលរួមគ្រប់ការប្រកួត ដោយសារ កត្តាប្រឈមបំផុត គឺការខ្វះខាតក្នុងការចំណាយលើការហ្វឹកហាត់ នឹងបំប៉នផ្សេងៗ។ គ្រូបង្ហាត់ផ្លាស់ប្តូររាងកាយអាយុ ២៨ឆ្នាំរូបនេះលើកឡើងថា លោកអាចបន្តទៅទៀតបាន លុះត្រាតែលទ្ធភាពអាចទទួលបានដៃគូសហការឧបត្ថម្ភណាមួយ ដើម្បីសម្រាលបន្ទុក ឬផ្គត់ផ្គង់លើថ្លៃចំណាយ ជាដើម។ កីឡាករមានប្រភពពីបាត់ដំបង ថាលោកសោកស្ដាយខ្លាំង បើដល់ដំណាក់កាលបោះបង់អាជីពនេះ ព្រោះជាអាជីពលោកស្រឡាញ់។
“មូលហេតុដែលប្រកួតចាញ់មិនមែនជារឿងដែលបញ្ឈប់ខ្ញុំក្នុងការចូលរួមប្រកួតក្រោយៗទៀតនោះទេ តែដោយសារកត្តាសេដ្ឋកិច្ចព្រោះយើងមានការចំណាយច្រើនសម្រាប់កីឡាប្រភេទនេះ”។
ដោយឡែកពាក់ព័ន្ធការប្រកួតនៅថៃ នៅថ្ងៃទី១១និង១២វិច្ឆិកា សំបូរ នន់ ដែលជាបងប្រុស និងជាគ្រូបង្វឹករបស់កីឡាករ សំបូរ សោភ័ណ្ឌ មានក្តីរំពឹងខ្ពស់គួរសម។ លោកថា ប្រកួតលើកនេះ សោភ័ណ្ឌ មានការត្រៀមខ្លួនបានល្អច្រើន យ៉ាងណាលោកក៏មានការបារម្ភខ្លះដែលព្រោះគូប្រកួតក្នុងកម្មវិធីសុតសឹងតែជាអ្នកថ្មីៗ។
“សម្រាប់វគ្គនេះសាច់អាចល្អជាងមុន ថ្វីបើគីឡូហាក់មិនធំមែន តែសម្រាប់សាច់អាចនឹងល្អប្រសើរជាង ហើយក៏យើងសង្ឃឹមខ្ពស់ដែលសម្រាប់យកមេដាយជូនជាតិ”។
សូមជម្រាបជូនអ្នកស្នេហាវិស័យកាយវប្បកម្មកម្ពុជាទាំងអស់ថាកីឡាករ សំបូរ សោភ័ណ្ឌ តែងតែមានវត្តមានក្នុងកម្មវិធីប្រកួតនានាជាហូរហែរ ពោលសមិទ្ធផលដែលលោកធ្លាប់ឈ្នះកន្លងមករួមមាន មេដាយប្រាក់ជើងឯកអាស៊ីអាគ្នេយ៍ ២០១៦ និងមេដាយមាសចំនួន ២គ្រឿងជើងឯកអាស៊ីអាគ្នេយ៍ ក្នុងឆ្នាំ២០១៨៕