លោកស្រី ទេព ម៉ូណា ប្រធានសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះបានមានប្រសាសន៍ថា លោកស្រីមានភាពជឿជាក់លើក្រុមកីឡាករ-កីឡាការិនីជិះសេះកម្ពុជាក្នុងការដណ្តើម មេដាយនានាសម្រាប់ព្រឹត្តិការណ៍ប្រកួតដទៃៗទៀតក្នុងឆ្នាំ២០២៤ខាងមុខ និងពិសេសគឺព្រឹត្តិការណ៍ SEA GAMES លើកទី៣៣ ដែលថៃធ្វើជាម្ចាស់ផ្ទះ។ ឆ្លងតាមលទ្ធផលពីការទទួលបានមេដាយមាសរបស់ក្រុមកីឡាករ-កីឡាការិនីជិះសេះកម្ពុជាក្នុងកម្មវិធី FEI SEA YOUTH CUP 2023 មកប្រធានសហព័ន្ធដដែលបានមើលឃើញពីសក្តានុពលរបស់ក្រុមកីឡាករខ្មែរថានឹងអាចធ្វើបានល្អក្នុងការប្រកួតផ្សេងៗជាបន្តបន្ទាប់។
យើងមានការជឿជាក់ មិនអាចថា១០០%ទេ តែយើងជឿថាយើងអាចទទួលរង្វាន់លេខ១ បើសិនជាមានការខិតខំដូចរាល់ថ្ងៃនេះ ។
ទន្ទឹមគ្នាដែរ ក្រុមកីឡាករ-កីឡាការិនីជិះសេះកម្ពុជា ក៏បានបង្ហាញនៅអារម្មណ៍រំភើបដែលបានឈ្នះមេដាយមាសជូនជាតិ ហើយពួកគេទាំងអស់គ្នាមានការប្តេជ្ញាចិត្តថានឹងដុសខាត់សមត្ថភាពបន្ថែម និងដណ្តើមមេដាយសម្រាប់ជាតិជាបន្តទៀត។
ពួកគេមានការតាំងចិត្តថាអាចឈ្នះបាន ហើយពួកគេទាំងអស់គ្នាមានការតាំងចិត្តខ្ពស់ថាអាចដណ្តើមមេដាយបន្ថែមជូនជាតិផងដែរ ។
សូមរំលឹកផងដែរថា ក្រុមកីឡាករ-កីឡាការិនីជិះសេះកម្ពុជាបានទទួលបានមេដាយមាសក្នុងកម្មវិធី FEI SEA YOUTH CUP 2023 ដែលជាពានរង្វាន់ធ្វើឡើងសម្រាប់ជំនួសឱ្យព្រឹត្តិការណ៍ SEA Games លើកទី៣២ដែលខកខាន ក្នុងនោះមាន ៧ប្រទេសបានចូលរួមប្រកួតប្រជែងគ្នា៕