Skip to content
    ទំព័រដើម  »  កីឡាជាតិ

ប្រធានគណកម្មាធិការជាតិអូឡាំពិក កោះប្រជុំសហព័ន្ធកីឡាជាតិដើម្បីពង្រឹង និងបង្កើនប្រសិទ្ធភាពការងារ ពិសេសពង្រឹងអភិបាលកិច្ចល្អ

ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) កាលពីថ្ងៃទី១៩ ខែធ្នូនេះ បានកោះប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្ដ្រីជំនាញ នៃសហព័ន្ធកីឡាជាតិ ដើម្បីពង្រឹង និងបង្កើនប្រសិទ្ធភាពការងារ ពិសេសពង្រឹងអភិបាលកិច្ចល្អរបស់សហព័ន្ធកីឡាជាតិ ក្រោយជោគជ័យដ៏ត្រចះត្រចង់ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដើម្បីត្រៀមព្រឹត្តិការណ៍កីឡាអន្ដរជាតិសំខាន់ៗ ៦ឆ្នាំចំពោះមុខ ចាប់ពីឆ្នាំ២០២៤ រហូតដល់ឆ្នាំ២០២៩ ដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី លើកទី៥។

ឯកឧត្តមទេសរដ្ឋមន្ដ្រីមានប្រសាសន៍ថា ក្រោយជោគជ័យស៊ីហ្គេម អ្វីៗមានការប្រែប្រួលក្នុងរបត់ថ្មីមួយ ដែលធ្វើឲ្យថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋទាំងអស់ បានស្គាល់អ្វីទៅដែលជាវឌ្ឍនភាពនៃការអភិវឌ្ឍកីឡា ស្គាល់ពីគុណតម្លៃកីឡា និងស្គាល់នូវអ្វីដែលជាការទទួលខុសត្រូវរួម ពិសេសសហព័ន្ធកីឡាជាតិ ។ ដូច្នេះការកោះប្រជុំសហព័ន្ធកីឡាជាតិថ្ងៃនេះ ដើម្បីពង្រឹងការងារអភិបាលកិច្ចល្អ ក៏ដូចជារបៀបរបបការងារ រវាងសហព័ន្ធកីឡាជាតិ និង NOCC ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា ដែលជាសសរស្ដម្ភកីឡាទាំងបីមិនអាចខ្វះបាន។


ឯកឧត្តមបណ្ឌិត ថោង ខុន បន្ដថា ការពង្រឹងអភិបាលកិច្ចល្អ ទី១-ត្រូវបង្កើតនូវស្ដង់ដាគំរូសហព័ន្ធកីឡាជាតិ របស់ក្រសួងអប់រំ យុវជន និងកីឡាសហការជាមួយ NOCC។ ទី២ ពង្រឹងកិច្ចការរដ្ឋបាល និងកិច្ចការតម្លាភាពរបស់សហព័ន្ធ។ ទី៣ អន្ដរកម្មសសរស្ដម្ភកីឡាទាំងបី ។ ទី៤ ការពិនិត្យឡើងវិញនូវសុពលភាពរបស់សហព័ន្ធកីឡាជាតិ ។ ទី៥ ការពិនិត្យលើការគ្រប់គ្រង និងថែរក្សាសម្ភារ:កីឡាក្រោយចប់ស៊ីហ្គេម ។ ទី៦ ការរៀបចំផែនការអភិវឌ្ឍធនធានមនុស្ស ដើម្បីត្រៀមលក្ខណៈសម្បត្តិទៅស៊ីហ្គេម ឆ្នាំ២០២៥ នៅថៃ និងស៊ីហ្គេមបន្ដបន្ទាប់ រហូតដល់ឆ្នាំ២០២៩ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី និងទី៧ ការពិនិត្យរៀបចំប័ណ្ណមូលនិធិសមធម៌សុខាភិបាលដល់កីឡាករ-កីឡាការិនី ។

ពាក់ព័ន្ធនឹងការពង្រឹងអភិបាលកិច្ចល្អនេះដែរ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ និងជាអគ្គលេខាធិការ NOCC បានលើកយកសេចក្ដីព្រាង ស្ដីពីស្ដង់ដាគំរូសហព័ន្ធកីឡាជាតិ មកបង្ហាញ និងជជែកគ្នា ដើម្បីឈានទៅរកការដាក់ចេញនូវស្ដង់ដាគំរូមួយ សម្រាប់ងាយស្រួលក្នុងការងារគ្រប់គ្រង និងវាយតម្លៃសហព័ន្ធកីឡាជាតិ ដើម្បីឈានទៅទទួលបាននូវការឧបត្ថម្ភគាំទ្រពីក្រសួង បន្ទាប់ពីស្ដង់ដាគំរូនេះ ត្រូវបានដាក់ឆ្លងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា រួចរាល់។


ឯកឧត្តម វ៉ាត់ ចំរើន បន្ថែមថា ការកំណត់ស្ដង់ដាគំរូសហព័ន្ធកីឡាជាតិ យើងធ្វើទាំងអស់នេះ គឺដើម្បីស្របគ្នាជាមួយគោលនយោបាយយុទ្ធសាស្ដ្របញ្ចកោណ និងកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដំណាក់កាលទី១ ដែលរាជរដ្ឋាភិបាលបានដាក់ចេញមកក្រសួងអប់រំ យុវជន និងកីឡា ហើយឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន បានណែនាំឲ្យគ្រប់ជំនាញ គ្រប់ផ្នែកទាំងអស់ ក្នុងក្រសួង ធ្វើការងារឲ្យស្របគ្នាតាមយន្ដការ ដើម្បីទទួលបានលទ្ធផលជាក់ស្ដែងពិតប្រាកដក្នុងការអភិវឌ្ឍវិស័យកីឡាជំនាញកម្រិតខ្ពស់។


លោកបន្ដថា អភិបាលកិច្ចល្អ គឺជាយន្ដការដ៏សំខាន់ រុញឲ្យអង្គភាពជំនាញ ឬអង្គការសង្គមកីឡា មានប្រសិទ្ធភាពក្នុងការដឹកនាំ និងស្វែងរកឧត្តមភាពកីឡា ក៏ដូចជាសក្ដានុពលកីឡា លើឆាកជាតិ និងអន្ដរជាតិ បន្ដទៀត បន្ទាប់ពីជោគជ័យដ៏ត្រចះត្រចង់ក្នុងការរៀបចំកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ។ ដូច្នេះទើបត្រូវប្រើប្រាស់នូវយន្ដការស្របគ្នា និងស្រុះស្រួលគ្នា ក្នុងកម្រិតសសរស្ដម្ភកីឡាទាំងបី មិនអាចខ្វះបាន ដែលមានក្រសួងអប់រំ NOCC និងសហព័ន្ធជាតិ ត្រូវធ្វើសមាហរណកម្មការងារឲ្យទៅជាអន្ដរកម្ម និងប្រទាក់ក្រឡាគ្នា។


លោកថា ការអភិវឌ្ឍប្រកបដោយបរិញ្ញាប័ណ្ណ យើងមិនអាចបោះបង់ផ្នែកណាមួយ ឬទុកភាគីណាមួយនៅក្រៅរង្វង់នៃការទទួលខុសត្រូវនោះទេ យើងនឹងធ្វើកិច្ចការនេះទាំងអស់គ្នា ដើម្បីសម្រួចដល់ការទទួលខុសត្រូវរបស់យើង សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៥ នៅថៃ និងស៊ីហ្គេមបន្ដបន្ទាប់ទៀត រហូតដល់ឆ្នាំ២០២៩ ដែលយើងត្រូវធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ។ អញ្ចឹងអ្វីៗគឺយើងរុញទាំងអស់គ្នា ដើម្បីឲ្យដល់គោលដៅយើងចង់បាន ពិសេសគឺយើងបង្កើតនូវបរិយាកាសមួយឲ្យបានកាន់តែល្អប្រសើរក្នុងការងារអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា៕