លោក អ៉ី ឡី ជាផលិតករទូទៅនៃស្ថាប័ន Wulinfeng បានថ្លែងចំពោះការប្រកួតតទល់នឹងក្រុមកីឡាករគុនខ្មែរថា សម្រាប់ កីឡាករចិនទាំង១០រូបរបស់លោកមានបទពិសោធជោកជាំសម្រាប់ការចេញវ៉ៃក្រៅប្រទេសកន្លងមក ម៉្លោះហើយលោកមានជំនឿចិត្តខ្ពស់សម្រាប់ការមកប្រកួតនៅទឹកដីកម្ពុជាលើកនេះ។ យ៉ាងណាក៏ដោយ លោកក៏បានផ្តាំទៅកីឡាករខ្មែរទាំង១០រូបកុំធ្វេសប្រហែលឱ្យសោះ បើមិនចង់ទទួលបានលទ្ធផលអវិជ្ជមានសម្រាប់ជំនួបស្អែកនេះ។
ឆ្លើយតបទៅនឹងការវាយតម្លៃកម្រិតសមត្ថភាពកីឡាករកម្ពុជាធៀបទៅនឹងកីឡាករលំដាប់ៗនៃស្ថាប័ន Wulinfeng លោក ឡី ថាមិនទាន់អាចវាយតម្លៃបានឡើយ តែក៏មិនបដិសេធសម្រាប់ស្នៀតពិសេសៗរបស់កីឡាករគុនខ្មែរផងដែរ។
កម្មវិធី GANZBERG រាជសីហ៍ គុនខ្មែរ ប៉ះ WU LIN FENG ដែលត្រូវប្រកួតនៅថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២៤ នៅកោះពេជ្រ នោះមានទាំងអស់១០គូ។ ហើយជំនួបរវាងមេធីម រឿង សោភ័ណ្ឌ និងកីឡាករចិនគឺជាប្រកួតដែលមានការចាប់អារម្មណ៍ខ្លាំង ដោយសារកីឡាករចិនរូបនេះធ្លាប់ផ្តួល ឡៅ ចន្ទ្រា កន្លងទៅ៕