សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សហការជាមួយក្លិបបាល់ទាត់បឹងកេត និងគាំទ្រដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានរៀបចំបើកវគ្គបណ្ដុះបណ្ដាល គ្រូបង្ហាត់បាល់ទាត់កម្រិត “ ឃ ” លើកទី២ ជាផ្លូវការ នៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ នាអាគារខេមរានីសសយករាជធានីភ្នំពេញ។ ក្នុងពិធីបើកនេះមានការចូលរួមពីឯកឧត្តម បែ មករា នាយកកម្មវិធីកីឡាភ្នំពេញ នៃសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ គ្រូឧទ្ទេស លោកគ្រូ ឃួន ឡាបូរ៉ាវី និង លោក Ichikawa Shigeaki ជានាយកបច្ចេកទេស សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ។
តាមការលើកឡើងពីលោកគ្រូ ឃួន ឡាបូរ៉ាវី ជាគ្រូឧទ្ទេសនៃវគ្គបង្ហាត់នេះ បានអោយដឹកថា៖ វគ្គបង្ហាត់បាល់ទាត់កម្រិត “ឃ” សំខាន់ណាស់សម្រាប់បង្ហាត់មូលដ្ឋានគ្រឹះដល់យុវជន ឬតាមសាលាបាល់ទាត់ផ្សេងៗ។
នេះជាលើកទី២ ហើយដែលសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សហការជាមួយក្លិបបាល់ទាត់បឹងកេត បានរៀបចំកម្មវិធីវគ្គបណ្ដុះបណ្ដាលនេះឡើង ដោយលើកទី១ មានការចូលរួមពីសក្ខាកាមចំនួន២០នាក់ ដោយឡែកលើកទី២នេះ មានការចូលរួមពីសិក្ខាកាម មកពី ក្លឹបបាល់ទាត់ តាមវិទ្យាល័យ សាលារដ្ឋ សាលាឯកជន និង ស្ថាប័ននានា សរុប ២៦នាក់។ តាមគម្រោងវគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងរយះ៥ថ្ងៃ ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០២៤៕