កីឡាការិនី ស៊ឹម ហ៊ុយលីន ជាសមាជិកក្រុមជម្រើសជាតិតេក្វាន់ដូ ITF តែមុននិងចូលស៊ប់ ITF រូបគេក៏ធ្លាប់ជាកីឡាការិនីបាល់ទាត់ក្នុងក្រុមនារីសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទបានមួយរយៈពេលផងដែរ។ ឆ្លើយតបនិងការផ្លាស់ប្តូរមួយនេះ អតីតខ្សែការពារមានប្រភពពីខេត្តកំពង់ស្ពឺបាននិយាយថា តេក្វាន់ដូ ITF មានជម្រើសច្រើនសម្រាប់ខ្លួនលេង ហើយមិនទាមទារឱ្យយល់ចិត្តមនុស្សជុំវិញច្រើនដូចបាល់ទាត់នោះទេ។
លើសពីនេះ យុវតីវ័យ២១ឆ្នាំមើលឃើញពីចំណុចពិសេសរបស់តេក្វាន់ដូ ITF ថាអាចជ្រោមជ្រែងខ្លួនលឿនជាងបាល់ទាត់ ណាមួយកីឡាមួយនេះជាប្រភេទកីឡាមានវិញ្ញាសារឯកត្តជន ម្ល៉ោះហើយបើសិនជាគេខំប្រឹងខ្លាំង នោះក៏កាន់តែឆាប់ទទួលបានជោគជ័យដូចគ្នា។
និស្សិតផ្នែកវិទ្យាសាស្ត្រសត្វ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ក៏បានសារភាពថាដំបូងៗក៏មិនស្រួលដែរ ចំពោះការសម្រេចចិត្តចាប់យកកីឡាមួយក្នុងចំណោមកីឡាពីរដែលខ្លួនស្រឡាញ់នោះ។
ស៊ឹម ហ៊ុយលីន ចាប់ផ្តើមចូលហ្វឹកហាត់តេក្វាន់ដូ ITF អំឡុងឆ្នាំ២០១៧ ហើយរូបគេមានក្តីស្រមៃចង់ទៅប្រកួតតំណាងជាតិលើឆាកអន្តរជាតិ ដែលជាក្តីគោលបំណងធំមួយរបស់គេ៕