ខ្សែការពារជម្រើសជាតិបារាំង Clement Lenglet នៅតែមានជំនឿថា Barcelona អាចឈ្នះជើងឯក La Liga រដូវកាល២០២០-២១នេះ ទោះបីពួកគេបានចាប់ផ្ដើមយ៉ាងអាក្រក់រួចទៅហើយ ដោយនៅក្រោមក្រុមកំពូលតារាងដល់ទៅ១២ពិន្ទុក្ដី។
Barca បានប្រកួត La Liga លើកចុងក្រោយថ្ងៃសៅរ៍សប្ដាហ៍មុនដោយចាញ់ Atletico Madrid ១-០ ដែលជាបរាជ័យទី៣ក្នុងចំណោម៨ប្រកួតរបស់ពួកគេ។
ទោះបែបនេះក្ដី អតីតសមាជិក Nancy និង Sevilla វ័យ២៥ឆ្នាំខាងលើមិនទាន់អស់សង្ឃឹមនៅឡើយក្នុងការប្រជែងជើងឯកលីគកំពូលអេស្ប៉ាញ។
ក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត Champions League នៅទឹកដី Dynamo Kiev យប់ថ្ងៃអង្គារទី២៤ខែវិច្ឆិកានេះ Lenglet និយាយថា៖ «បាទ ពួកយើងនៅតែអាចឈ្នះ La Liga។ នៅសល់ការប្រកួតជាច្រើននិងពិន្ទុជាច្រើនទៀតដើម្បីដណ្ដើម។ បើយើងឱនក្បាលពេលនេះ វាមិនមែនជាអ្នកអាជីពទេ ហើយវានឹងក្លាយជាការខ្វះការគោរព។ ពួកយើងត្រូវតែផ្លាស់ប្ដូរអ្វីៗឱ្យប្រសើរឡើងវិញ»។
សូមជម្រាបថា Barca កំពុងឈរលេខរៀងទី១៣ មាន១១ពិន្ទុពី៨ប្រកួត ខណៈក្រុមកំពូលតារាង Real Sociedad មាន២៣ពិន្ទុពី១០ប្រកួត។ Atletico លេខ២ មាន២០ពិន្ទុពី៨ប្រកួត, Villarreal លេខ៣ មាន១៩ពិន្ទុពី១០ប្រកួត និង Real Madrid លេខ៤ មាន១៧ពិន្ទុពី៩ប្រកួត៕