Skip to content
ថ្នាក់ដឹកនាំសហព័ន្ធខ្មែរកីឡាហាប់គីដូបង្ហាញផែនការអភិវឌ្ឍទៅកាន់កម្រិតអន្តរជាតិ
    ទំព័រដើម  »  កីឡាជាតិ

ថ្នាក់ដឹកនាំសហព័ន្ធខ្មែរកីឡាហាប់គីដូបង្ហាញផែនការអភិវឌ្ឍទៅកាន់កម្រិតអន្តរជាតិ

សហព័ន្ធខ្មែរកីឡាហាប់គីដូបានរៀបចំមហាសន្និបាតបញ្ចប់អាណត្តិចាស់ ២០២០-២០២៤ ដើម្បីបន្តអាណត្តិថ្មី ២០២៤-២០២៨ នៅព្រឹកថ្ងៃអាទិត្យ ទី១៦ ខែមិថុនា ឆ្នាំ២០២៤ នាស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

ក្នុងនោះដែរ លោកឧកញ៉ា សៅ សេងហាក់ បានបន្តធ្វើជាប្រធានសហព័ន្ធសម្រាប់អាណត្តិថ្មី ខណៈលោក គង់ ចាន់ធីណា ក៏បន្តតួនាទីជាអគ្គលេខាធិការសហព័ន្ធ។

លោក សៅ សេងហាក់ បានបង្ហាញការប្ដេជ្ញាចិត្ត និងគម្រោងសំខាន់ៗសម្រាប់អាណត្តិថ្មីថា សហព័ន្ធនឹងរៀបចំការប្រកួតជ្រើសរើសជើងថ្នាក់ជាតិឱ្យបានរៀងរាល់ឆ្នាំ ដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡាហាប់គីដូនេះឱ្យកាន់តែមានភាពរីកចម្រើនក្នុងថ្នាក់ជាតិ និងអន្តរជាតិ។ ជាមួយគ្នានេះ នឹងបន្តជំរុញទាំងការងាររដ្ឋបាល បណ្តុះបណ្តាល និងផលិតនូវធនធានមនុស្សឱ្យកាន់តែរីកចម្រើនជាលំដាប់ សម្រាប់ត្រៀមចូលរួមការប្រកួតថ្នាក់ជាតិ និងអន្តរជាតិ ស្របតាមគោលការណ៍សហព័ន្ធជាសកល។

ចំណុចសំខាន់មួយទៀត សហព័ន្ធត្រៀមបញ្ជូនក្រុមកីឡាករ-កីឡាការិនី ដើម្បីចូលរួមប្រកួតកីឡាហាប់គីដូជ្រើសរើសជើងឯកពិភពលោក (World LH.F Hapkido Championship 2024) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ នៅខេត្តនុនថាបុរី ប្រទេសថៃ។ មិនតែប៉ុណ្ណោះ សហព័ន្ធនឹងពង្រីកវិសាលភាពឱ្យទៅដល់បណ្តាខេត្ត និងចាប់យកឱកាសចេញទៅចូលរួមប្រកួតនៅក្រៅប្រទេសឱ្យបានច្រើនតាមដែលលទ្ធភាពដែលយើងអាចធ្វើទៅបាន ដើម្បីបង្កើតស្នាដៃ និងលើកិត្យានុភាពហាប់គីដូកម្ពុជារបស់យើងឱ្យកាន់តែល្បីល្បាញទាំងក្នុងប្រទេស និងលើឆាកអន្តរជាតិ។

សម្រាប់ថ្នាក់ដឹកនាំដែលជាអនុប្រធានសហព័ន្ធមានដូចជា ឯកឧត្តម ជា បូរ៉ា, លោកឧត្តមសេនីយ៍ត្រី ផាត់ សុភា, លោក គួច ហុងជៀក, លោក ទេព វីរៈ និងលោក សែ តារា។ សរុបអ្នកដឹកនាំមានចំនួន១៥៕