Skip to content
    ទំព័រដើម  »  កីឡាជាតិ

គុណសម្បត្តិខ្លះបាល់ទាត់មិនមាន ដែលជំរុញឱ្យយុវជន២រូបប្តូរពីលេងបាល់មកលេងវាយសី

យុវជន តាំង អ៊ុយឆាយ និងលីគា ឃាង ជាដៃគូនិងគ្នាដែលបានមកប្រកួតវាយសីមិត្តភាព សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ លើកទី២ បានលើកឡើងអំពីមូលហេតុដែលអ្នកទាំងពីរចាប់លេងវាយសី ពីព្រោះតែមើលឃើញអំពីចំណុចពិសេសមួយចំនួនលើសពីកីឡាផ្សេងៗពួកគេទាំងពីរធ្លាប់លេងកន្លងមក។ យុវជនម្នាក់វ័យ១៨ និងម្នាក់ទៀតវ័យ១៤ឆ្នាំបន្តថាពួកគេធ្លាប់លេងបាល់ និងជិះកង់ជាដើម តែដោយសារតែកីឡាទាំងនោះមានភាគរយគ្រោះថ្នាក់ច្រើនទើបប្តូរមកវាយសីវិញ។

សិស្សកម្រិតវិទ្យាល័យទាំងពីរបន្តទៀតថាដោយសារតែបាល់ទាត់ជាកីឡាទាមទារប្រើកម្លាំងខ្លាំង ងាយរងរបួសធ្ងន់ធ្ងរ និងពេលខ្លះទៀតអាចបង្កជាបញ្ហាជម្លោះផ្សេងៗ។ អ្នកទាំងពីរថាចាប់ពីប្តូរមកលេងកីឡាសីនេះធ្វើឱ្យពួកគេបានសុខភាពកាន់តែប្រសើរច្រើន ពិសេសបានបង្កើតមិត្តភក្តិថ្មីៗពីគ្រប់មជ្ឈដ្ឋាន។

ជាមួយគ្នានេះដែរ យុវជនកំពុងហ្វឹកហាត់ក្នុងក្លឹបវាយសីភ្នំពេញ២៧១ដដែលក៏បានលើកទឹកចិត្តបងប្អូនដែលចង់ចាប់ផ្តើមលេងកីឡាគួររើសយកកីឡាវាយសីនេះលេង ដោយសារតែជាកីឡាដែលងាយស្រួលលេងនិងសុវត្ថិភាពមួយផងដែរ៕