អតីតកីឡាករក្រុមវិទ្យាល័យជាស៊ីមសាមគ្គី យុវជន ហាក់ សេងហួត ក្នុងពេលមកមើលនិងជួយការងារក្រុមវិទ្យាល័យខ្លួនខ្លះៗសម្រាប់ពានរង្វាន់ AIA ជើងឯកវិទ្យាល័យរដូវកាលទី៤នេះ រូបគេបានបង្ហាញអារម្មណ៍រីករាយដែលឃើញក្រុមវិទ្យាល័យខ្លួនធ្វើបានចំណាត់ថ្នាក់មួយល្អសម្រាប់រដូវកាលនេះ។ ទោះបីជាយ៉ាងណា យុវជនវ័យ១៦ឆ្នាំដដែលក៏បានមើលឃើញពីចំណុចឆកល្វែងមួយចំនួនរបស់ក្រុមពាក់ព័ន្ធទៅការខ្វះទំនុកក្នុងការលេង ពិសេសបំផុតនោះគឺបញ្ហាតំបន់ប្រយុទ្ធនៅមិនទាន់មានភាពស្រួចស្រាល់នៅឡើយ។
សមាជិក U16 អាយ អេស អាយ ដង្កោសែនជ័យ ដដែលក៏បន្ថែមទៀតថាត្បិតមានចំណុចខ្វះខាតទាំងអស់នេះក៏ពិតមែន ប៉ុន្តែរូបគេនៅតែដាក់សេចក្តីទុកចិត្តលើក្រុមវិទ្យាល័យជាស៊ីមសាមគ្គីថានឹងឈ្នះពាន AIA ជើងឯកវិទ្យាល័យរដូវកាលទី៤នេះ។
សូមបញ្ជាក់ថា ក្រុមវិទ្យាល័យជាស៊ីមសាមគ្គីធ្វើបានយ៉ាងល្អក្នុងពានរង្វាន់ AIA ជើងឯកវិទ្យាល័យរដូវកាលទី៤ ឆ្នាំ២០២៤នេះ ពោលបញ្ចប់ទៅនៅចំណាត់ថ្នាក់ទី៤នៃតារាងពិន្ទុសរុប។ ហើយវិទ្យាល័យជាស៊ីមសាមគ្គីនឹងត្រូវប្រកួតទល់នឹងក្រុមវិទ្យាល័យប្ញស្សីកែវក្នុងវគ្គបួនក្រុមចុងក្រោយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីរកក្រុមមួយទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ៕