នៅក្នុងឱកាសនៃពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការអភិវឌ្ឍកីឡាបាល់បោះយុវជនរវាងសហព័ន្ធកីឡាបាល់បោះកម្ពុជា និងក្រុមហ៊ុន CSSR FUTURE NOW CO., LTD លោកស្រី កែវ មនោរម្យ នាយិកាវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា និងជាសមាជិកប្រត្តិបត្តិសហព័ន្ធកីឡាបាល់បោះកម្ពុជាតំណាងឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត់ ប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជាបានបង្ហាញការត្រេកអរដែលឃើញមានក្រុមហ៊ុនឯកជនចូលខ្លួនជួយជ្រោមជ្រែងលើកីឡាបាល់បោះកម្ពុជា ពិសេសក្នុងរូបភាពចង់បណ្តុះបណ្តាលធនធានកីឡាករ-កីឡាការិនីបាល់បោះកម្ពុជាឱ្យកាន់តែមានភាពសម្បូរបែប។
លើសពីនេះសមាជិកប្រត្តិបត្តិសហព័ន្ធកីឡាបាល់បោះកម្ពុជាបន្តថាសហព័ន្ធពិតជាសប្បាយចិត្តក្នុងកាធ្វើការងាររួមគ្នាជាមួយដៃគូរសហការ ធានាយ៉ាងណានឹងបញ្ជូនក្រុមមន្ត្រីរបស់សហព័ន្ធទៅជួយក្នុងព្រឹត្តិការណ៍ប្រកួតនានា។
ជាមួយគ្នាដែរ លោក គួច វរ្ម័ន នាយកប្រតិបត្តិនៃក្រុមហ៊ុនខាងលើបានបង្ហាញនៅចក្ខុវិស័យក្នុងការអភិវឌ្ឍកីឡាបាល់បោះកម្ពុជាឱ្យកាន់តែមានភាពខ្លាំងខ្លាថែមមួយកម្រិតទៀត។ ដោយ CEO វ័យក្មេងរូបនេះបានបង្ហាញនៅគោលបំណងសំខាន់របស់ភាគីខ្លួននោះគឺការផលិតក្រុមកីឡាករ-កីឡាការិនី ផ្តោតចម្បងពីកម្រិតយុវជន ធ្វើយ៉ាងណាឱ្យមានភាពរឹងមាំពីកម្រិតមូលដ្ឋាននេះតែម្តង។
លោកបានបញ្ជាក់ច្បាស់ៗថាក្នុងនាមជាដៃគូសហការគ្នាជាមួយសហព័ន្ធកីឡាបាល់បោះកម្ពុជាធ្វើឡើងមិនមែនត្រឹមតែរយៈពេលខ្លីនោះទេ ពោលក្នុងរយៈពេលវែងដោយលោកមានគម្រោងបង្កើតនៅលីគបាល់បោះអាជីពលំដាប់យុវជនមួយ យកលំនាំតាមលីគបាល់ទាត់យុវជនកម្ពុជា ដើម្បីសម្រួលដល់សហព័ន្ធក្នុងការចម្រាញ់យកធនធានកីឡាករល្អៗសម្រាប់ក្រុមជម្រើសជាតិនៅថ្ងៃអនាគត។
សូមបញ្ជាក់ថា ពិធី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការអភិវឌ្ឍកីឡាបាល់បោះយុវជនរវាងសហព័ន្ធកីឡាបាល់បោះកម្ពុជា និងក្រុមហ៊ុនផ្សព្វផ្សាយកីឡាមួយនេះធ្វើឡើងនៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ នាអាគារមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ក្នុងបរិវេណពហុកីឡាដ្ឋានជាតិអូឡាំពិក៕