Skip to content
    ទំព័រដើម  »  កីឡាជាតិ

ម្ចាស់ជើងឯកបាល់ទាត់ក្នុងសាលពីរក្រុមប្រកាសសមាជិកថ្មីរៀងៗខ្លួនក្នុងថ្ងៃតែមួយ

ក្រោយបញ្ចប់យុទ្ធនាការការប្រកួតបាល់ទាត់ក្នុងសាលពានរង្វាន់ធំៗនានាកន្លងទៅក្រុមបាល់ទាត់ក្នុងសាលនីមួយៗបានធ្វើការរុះរើសមាសភាពកីឡាកររបស់ក្រុមខ្លួនរៀងៗខ្លួន។ តាមការបង្ហោះលើបណ្តាញសង្គមផ្លូវការរបស់ក្រុមបាល់ទាត់ក្នុងសាល Mihel Seoul Young Gun និងក្រុម Lucky FC កន្លងទៅនេះក្រុមជើងឯកថ្មីថ្មោងទាំងពីរនេះក៏បានប្រកាសនូវសមាជិកថ្មីរបស់ខ្លួនរៀងៗខ្លួន។

ក្នុងនោះសម្រាប់ក្រុម Mihel ម្ចាស់ជើងឯកពានរង្វាន់បាល់ទាត់ក្នុងរាជធានីភ្នំពេញរដូវកាលទី១ បាននាំយកនូវសមាជិកថ្មីរបស់ខ្លួនមួយរូប​គឺកីឡាករ ណាហ្ស៊ែ អារ៉ាហ្វាត ដែលជាអតីតខ្សែប្រយុទ្ធក្រុម DIG FC មករួមរស់ជាមួយក្រុមត្រៀមព្រឹត្តិការណ៍ដែលនឹងមានជាបន្តបន្ទាប់។ ប្រវត្តិខ្លះរបស់យុវជនវ័យ ២០ឆ្នាំរូបនេះដោយផ្តើមប្រឡូកក្នុងបាល់ទាត់ក្នុងសាលដំបូងជាមួយក្រុម The Peanut FT ក្នុងឆ្នាំ២០២៣ ជួយក្រុមបានចំណាត់ថ្នាក់លេខ៤ក្នុងពានមរកអាយុក្រោម២៣ឆ្នាំ ក្រោយមកជួយក្រុមបានទទួលបានលេខ ៣ក្នុងពានរង្វាន់មីហឹរសេអ៊ូលហ្វូតសាលរដូវកាលទី១ ពិសេសក្នុងឆ្នាំ២០២៤ ក្មួយប្រុសបង្កើត សំអែល ណាសា បានជួយក្រុម Peanut ដល់វគ្គផ្តាច់ព្រ័ត្រពាន មរកអាយុក្រោម២៣ឆ្នាំ តែបរាជ័យក្រោមស្នាដៃក្រុម DIG និងក៏ជួយក្រុម Peanut ឡើងដល់វគ្គជ្រៅៗជាច្រើនកម្មវិធីទៀតដែរ។

សមិទ្ធផលដែល ណាហ្ស៊ែ អារ៉ាហ្វាត ក្រោយផ្ទេរទៅចូលរួមក្រុមបាល់ទាត់ក្នុងសាល DIG FC រូបគេធ្លាប់ជួយក្រុមមួយនេះឈ្នះពានហ្វូតសាលយុវជនអាយុក្រោម២០ឆ្នាំ ជួយក្រុមបានចំណាត់លេខ៣ទៀតក្នុងពានជម្រើសជើងឯកមីហឹរសេអ៊ូលហ្វូតសាលលីគ ឆ្នាំ២០២៤/២៥ និងពានរង្វាន់ Phnom Penh Futsal championship រូបគេជួយក្រុមបានត្រឹមវគ្គ៨ក្រុមចុងក្រោយ។

ក្រឡែកមកចាប់អារម្មណ៍ក្រុមបាល់ទាត់ក្នុងសាល Lucky FC ដែលជាម្ចាស់ជើងឯក មីហឹរសេអ៊ូលហ្វូតសាលលីគឆ្នាំ២០២៤/២៥ ក៏បានបញ្ចេញមុខសមាជិកថ្មីរបស់ខ្លួនដែលពោរពេញដោយបទពិសោធមួយរូបដែរគឺកីឡាករ វ៉ន រ៉ាស៊ីពិទ័រ ខ្សែការពារ ឬអ្នកនិយមលេងហ្វូតសាលហៅថា Fixo។ អតីតសមាជិកក្រុមបាល់ទាត់ក្នុងសាល YOUNGCHESTER FT មានប្រវត្តិដំបូងចេញពីថ្នាលយុវជនរបស់ក្រុមព្រះខ័នរាជស្វាយរៀង ផ្តើមលេងបាល់ទាត់ក្នុងសាលជាច្រើនឆ្នាំជាមួយក្រុម YOUNGCHESTER នេះ ប៉ុន្តែមិនធ្លាប់ទទួលបានពានរង្វាន់អ្វីមួយជាមួយក្រុម YOUNGCHESTER ឡើយ។ យ៉ាងណាមិញ ពិទ័រ ធ្លាប់ទទួលបានសមិទ្ធផលចំណាត់លេខ២ក្នុងពានឬទ្ធីចេស្តាជាមួយក្រុម AVATAR FC និងក៏ធ្លាប់រួមចំណែកជួយក្រុម Mihel ឱ្យឈ្នះពានរង្វាន់មរកលីគ និងចុងក្រោយនេះរូបគេក៏ទៅចូលរួមរយៈពេលខ្លីជាមួយក្រុម OVMAL ក្នុងការលេងពាន មីហឹរសេអ៊ូលហ្វូតសាលលីគឆ្នាំ ២០២៤/២៥ ផងដែរ។

 ចាំមើលថាអ្នកទាំងពីរនឹងជួយក្រុមរបស់ពួកគេរៀងៗខ្លួនបានល្អយ៉ាងណានោះសម្រាប់ការប្រកួតប្រជែងពានរង្វាន់បាល់ទាត់ក្នុងសាលនានាក្នុងពេលខាងមុខនាពេលខាងមុខនោះ៕