ព្រឹត្តិការណ៍កីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ីអាគ្នេយ៍ ជាស្ពានកសាងមិត្តភាព និងផ្លាស់ប្ដូរប្រពៃណីវប្បធម៌

Neak Tola
19 មើល
0 នាទីអាន

ព្រឹត្តិការណ៍កីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៥ ត្រូវបានប្រកាសបើកជាផ្លូវការហើយនារសៀលថ្ងៃសៅរ៍ ទី២៨ ខែមិថុនា ឆ្នាំ២០២៥ នាវិមានពហុកីឡដ្ឋានជាតិ ក្រោមអធិបតីភាពឯកឧត្ដម ហ៊ុន ម៉ានី។

ក្នុងឱកាសពិធីបើកព្រឹត្តិការណ៍កីឡាអន្តរជាតិធំមួយនេះ ឯកឧត្ដម ហ៊ុន ម៉ានី មានប្រសាសន៍ថា «កីឡាគឺជាស្ពាននៃការរក្សាទំនាក់ទំនងល្អ រវាងប្រជាជន និងប្រជាជន ក្នុងតំបន់អាស៊ីអាគ្នេយ៍ ឲ្យកាន់តែមានភាពស្និទ្ធស្នាលតាមរយៈការលេងកីឡា និងការផ្លាស់ប្ដូរវប្បធម៌ ប្រពៃណីគ្នាទៅវិញទៅមក។ លើសពីនេះ កីឡាបានរួមចំណែកថែរក្សាកម្លាំងកាយរឹងមាំ លើកកម្ពស់សុខភាព ដែលជាកត្ដាសំខាន់ នៃការផលិតភាពពលកម្ម និងភាពរឹងមាំនៃសេដ្ឋកិច្ចជាតិ ។ ប្រជាពលរដ្ឋដែលមានសុខភាពល្អ គឺជាប្រជាពលរដ្ឋដែលមានគំនិតច្បាស់លាស់ មានភាពងាយស្រួលក្នុងការចាប់យកចំណេះដឹង និងបច្ចេកវិទ្យាថ្មីៗ មានការតាំងចិត្ត និងក្ដីសង្ឃឹមខ្ពស់ ក្នុងការបង្កើនធនធានមនុស្សប្រកបដោយគុណភាព ដើម្បីបម្រើការងារអភិវឌ្ឍន៍ប្រទេសជាតិ»។

ការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ ពីថ្ងៃទី២៨-៣០ ខែមិថុនា ឆ្នាំ២០២៥ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក មានប្រទេសចូលរួមចំនួន ៧ប្រទេសរួមមាន៖ ម្ចាស់ផ្ទះកម្ពុជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបូរី វៀតណាម និងកូរ៉េខាងជើង៕