លោក Mark និងអ្នកស្រី Irna Knapp ក្នុងពេលមកចូលរួមកម្មវិធី «រត់ដើម្បីសន្តិភាព» ដែលរៀបចំឡើងដោយក្រុម Night Runners Club ក៏ដូចជាការចូលរួមពីបណ្តាលក្រុមរត់ធំៗក្នុងប្រទេសកម្ពុជាជាច្រើនទៀតដូចជា NEAK RUN Club, Sabay Run Club, SuSu Run Club, សមញ្ញ, រត់ (RUTT), Hanuman Run Club, Run With Sai និងក្រុមរត់ GRC អ្នកទាំងពីរបានបង្ហាញអារម្មណ៍រំភើបរីករាយដែលឃើញពីសកម្មភាពប្រជាជនខ្មែរជាច្រើនរយនាក់ផ្តួចផ្តើមនៅកម្មវិធីដ៏ពិសេសវិសាលមួយនេះឡើង។
គូស្វាមីភរិយាមានសញ្ជាតិអាមេរិកកាំងនេះបន្តថាអំឡុងពេលប្រទេសកម្ពុជាកំពុងមានបញ្ហាតានតឹងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងនាមពួកគាត់កំពុងរស់នៅប្រកបរបរក្នុងប្រទេសកម្ពុជាពួកគាត់ពិតជាមិនចង់ឃើញនៅស្ថានភាពដ៏លំបាកនេះបន្តទៀតឡើយ ដោយពួកគាត់សង្កត់ធ្ងន់ថាសង្គ្រាមពុំមែនជាជម្រើស ដើម្បីដោះស្រាយបញ្ហានោះទេ។ សម្រាប់អ្នកទាំងពីរបានលើកសរសើរចំៗថាប្រជាជនកម្ពុជាពិតជាមានភាពរួសរាយរាក់ទាក់ មានការអត់ធ្មត់ខ្ពស់ ស្មារតីខ្ពស់ហ៊ាននិយាយការពិត ដូច្នេះអ្នកទាំងពីរជឿជាក់ថានាថ្ងៃអនាគតប្រទេសកម្ពុជានឹងមានអនាគតដ៏ភ្លឺថ្លាមួយ។
កម្មវិធីរត់ដើម្បីសន្តិភាពនេះមានចម្ងាយ៧គីឡូម៉ែត្រ (ទៅមក) ក្នុងន័យបង្ហាញ ស្មារតីរួម ដែលក្រុមក្លិបរត់ទាំងអស់រួមគ្នាធ្វើ ដើម្បីចូលរួមជាមួយកងទ័ពជួរឈរមុខ និងរដ្ឋាភិបាលក្នុងការការពារទឹកដីពីការឈ្លានពានយ៉ាងគឃ្លើនរបស់យោធាថៃលើកម្ពុជា៕