ខ្សែប្រយុទ្ធ Takumi Minamino បានក្លាយជាកីឡាករជប៉ុនដំបូងរកបានគ្រាប់បាល់សម្រាប់ Liverpool ក្រោយគេទាត់បញ្ចូលទីតាមស្មើ Arsenal ក្នុងការប្រកួតពានរង្វាន់ Community Shield នៅកីឡដ្ឋាន Wembley ថ្ងៃសៅរ៍ ទី២៩ ខែសីហា។
គ្រាប់បាល់របស់កីឡាករវ័យ២៥ឆ្នាំកើតឡើងនៅនាទី៧៣ និងជាគ្រាប់ដំបូងរបស់ Liverpool ចាប់ពីផ្ទេរពី Red Bull Salzburg នៃលីគកំពូលអូទ្រីសក្នុងតម្លៃ៧លានផោន កាលខែមករា ឆ្នាំ២០២០ ហើយគិតមកដល់ពេលនេះ គេបង្ហាញខ្លួនបាន១៥ប្រកួតពីគ្រប់កម្មវិធី។
ក្នុងការប្រកួតនេះ Emerick Pierre Aubameyang ជាអ្នកបើកឆាកឲ្យ Arsenal ដែលជាម្ចាស់ពាន FA Cup នាំមុខមុននៅនាទីទី១២។ លទ្ធផលស្មើ១ទល់នឹង១នេះបានបន្តរហូតដល់ចប់៩០នាទី ហើយឈានដល់ការទាត់១១ម៉ែត្រកាត់សេចក្ដី ដែល Liverpool ម្ចាស់ជើងឯក Premier League បានចាញ់ Arsenal ៥ទល់នឹង៤៕