Cristiano Ronaldo រកបានគ្រាប់បាល់ទី៧៥០ក្នុងអាជីព ស្របពេល Juventus ស៊ី Dynamo Kyiv ៣-០ ក្នុងពូល G ពាន UEFA Champions League យប់ថ្ងៃពុធទី២ ធ្នូ ឆ្នាំ២០២០ ក្នុងការប្រកួតដែលមានអាជ្ញាកណ្ដាលជានារីជាលើកដំបូងក្នុងពាននេះ គឺអ្នកស្រី Stephanie Frappart។
បន្ទាប់ពី Federico Chiesa តែតគ្រាប់បើកឆាកក្នុងនាទី២១ពីការលើកបាល់ដោយ Alex Sandro, កំពូលខ្សែប្រយុទ្ធព័រទុយហ្គាល់វ័យ៣៥ឆ្នាំរកបានគ្រាប់ទី២នៃការប្រកួត ដោយពែនបញ្ចូលទីក្នុងនាទី៥៧ ក្រោយអ្នកចាំទី Georgi Bushchan ព្យាយាមចាប់បាល់ តែបុកនឹង Alvaro Morata ហើយផ្លោងដល់ជើង Ronaldo ដែលឈរម្នាក់ឯង។ តែ CR7 ត្រូវរង់ចាំពីរបីវិនាទីដែរមុនពេល VAR បញ្ជាក់ថាគ្រាប់បាល់នោះគឺត្រឹមត្រូវ។
Alvaro Morata ស៊ុតគ្រាប់ចុងក្រោយក្នុងនាទី៦៦ បន្ទាប់ពីការរួមចំណែកបង្កើតឱកាសពីសំណាក់ Weston McKennie និង Chiesa។
Juventus ដែលមានកៅអីនៅវគ្គ១៦ក្រុមចុងក្រោយរួចទៅហើយនោះ នឹងធ្វើដំណើរទៅទឹកដី Barcelona ក្នុងការប្រកួតបង្ហើយពូល G សប្ដាហ៍ក្រោយ ដែលក្រុមទាំង២នឹងប្រជែងគ្នាយកលេខ១ក្នុងពូល។ ៥ប្រកួតមកនេះ Barca មាន១៥ពិន្ទុ ខណៈ Juventus មាន១២ពិន្ទុ៕