សហព័ន្ធកីឡាចំបាប់កម្ពុជា នឹងរៀបចំការប្រកួតយុវជនមួយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៦ ដើម្បីចម្រាញ់រកធនធានឆ្នើមៗត្រៀមសម្រួចឆ្ពោះទៅកាន់ព្រឹត្តិការណ៍ជើងឯកពិភពលោកនានា និងជាពិសេសព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅ ឆ្នាំ២០៣៦។ នេះបើតាមការឱ្យដឹងពីលោក Casey Barnett អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា។
ការប្រកួតដ៏សំខាន់នេះមានបែងចែកជាកម្រិតអាយុក្រោម១៧ឆ្នាំ ១៥ឆ្នាំ ១២ឆ្នាំ និង១០ឆ្នាំ។ លោក Casey Barnett សង្កត់ធ្ងន់ថា ដើម្បីប្រែក្លាយជាធនធានដ៏ឆ្នើមមួយនោះ យុវជនត្រូវហ្វឹកហាត់យ៉ាងហោច១០ឆ្នាំ ដូច្នេះរយៈពេល១០ឆ្នាំនេះ គឺជាពេលវេលាដ៏សំខាន់ដើម្បីប្រមូលអ្នកមានសមត្ថភាពល្អយកមកសម្រួចបន្ថែមឆ្ពោះទៅកាន់ព្រឹត្តិការណ៍ដ៏ធំ។
លោកអនុប្រធានសហព័ន្ធដដែលបានបន្តថា ចាប់ពីនេះដល់ឆ្នាំ២០៣១ ការពង្រឹងធនធានយុវជនក៏ជាទិសដៅ ជាពិសេសការត្រៀមព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ឆ្នាំ២០៣១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ជុំវិញការប្រកួតកីឡាជាតិសម្រាប់ប្រភេទកីឡាចំបាប់កន្លងទៅនេះ លោក Carsey Barnett បានវាយតម្លៃខ្ពស់ចំពោះគុណផលរបស់កីឡាករ កីឡាការិនីមកពីតាមបណ្ដាក្រសួង ស្ថាប័ន និងខេត្តដែលបានចូលរួម៕
