រដូវកាលរបស់ក្រុមបិសាចក្រហម Manchester United ដុនដាបមួយកម្រិតទៀតហើយក្រោយធ្លាក់ពីពានរង្វាន់ UEFA Champions League ត្រឹមវគ្គចែកពូល ក្រោយចាញ់ម្ចាស់ផ្ទះ RB Leipzig ៣-២ ក្នុងការប្រកួតបង្ហើយពូល H យប់ថ្ងៃអង្គារទី៨ខែធ្នូឆ្នាំ២០២០។
ក្រុមលោក Ole Gunnar Solskjaer ដែលត្រូវការត្រឹមតែស្មើក៏ឡើងដែរនោះ បែរជាត្រូវ Leipzig នាំមុខមុនដល់ទៅ២គ្រាប់ក្នុងពេលត្រឹម១៣នាទីដំបូង គឺដោយ Angelino ក្នុងនាទីទី២និង Haidara ក្នុងនាទី១៣។ Leipzig ដែលបានចាញ់៥-០នៅ Old Trafford ជើងទី១ បានពិឃាតការប្រកួតក្នុងនាទី៦៩ដោយ Justin Kluivert។
Man Utd ព្យាយាមវាយបកវិញ តែតាមមិនទាន់ឡើយ ដោយរកបានត្រឹម២គ្រាប់ដោយ Bruno Fernandes ស៊ុតបាល់ពិន័យ១១ម៉ែត្រក្នុងនាទី៨០ និង Paul Pogba តែតក្នុងនាទី៨២ ក្រោយគេប្ដូរចូលក្នុងនាទី៦១។
RB Leipzig ឡើងទៅវគ្គ១៦ក្រុមចុងក្រោយ UCL ពានដែលពួកគេបានបោះជំហានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររដូវកាលមុន។
ចំណែក Man Utd បានលេខ៣ក្នុងពូល បានទៅលេងពាន Europa League ដែលពួកគេធ្លាប់ឈ្នះក្នុងឆ្នាំ២០១៧ក្នុងសម័យលោក Jose Mourinho ជាអ្នកចាត់ការ។
សូមជម្រាបថា លោក Solskjaer បានចាញ់ដល់ទៅ៦ដងក្នុងចំណោមការដឹកនាំក្រុមលេង Champions League ១០ប្រកួត (ឈ្នះ៤ដង)។ លោកជាអ្នកចាត់ការដំបូងគេដែលចាញ់ចាប់ពី៦ប្រកួតឡើងក្នុងចំណោមអ្នកចាត់ការក្លិបអង់គ្លេសដែលដឹកនាំ១០ប្រកួតដំបូងដូចគ្នាក្នុងពាននេះ។
Man Utd បានរបូតចាប់ពី៣គ្រាប់ឡើងក្នុងពាន UCL ២ប្រកួតជាប់គ្នាជាលើកដំបូងតាំងពីខែមេសាឆ្នាំ២០០៣មក។
នេះជាលើកដំបូងតាំងពីសម័យលោក Louis van Gaal ក្នុងរដូវកាល២០១៥-១៦មក ដែល Man Utd ឆ្លងមិនផុតពូល UCL។
Leipzig លេង UCL ក្នុងផ្ទះ៦ដងចុងក្រោយមិនចាញ់សោះ ដោយឈ្នះ៥ ស្មើ១ ពិសេស៤ដងចុងក្រោយឈ្នះរហូត។
Angelino ដែលលេងលើកិច្ចសន្យាខ្ចីពី Man City ស៊ុតបញ្ចូលទីក្នុងនាទី១៖៤៩ ដែលជាការរបូតគ្រាប់លឿនបំផុតរបស់ Man Utd ក្នុងពាន UCL តាំងពី Alan បានធ្វើសម្រាប់ Braga ក្នុងខែតុលាឆ្នាំ២០១២។ Angelino បានពាក់ព័ន្ធក្នុងគ្រាប់បាល់៦គ្រាប់ក្នុងការបង្ហាញខ្លួន៦លើកក្នុង UCL រដូវកាលនេះ ដោយស៊ុតចូល៣គ្រាប់ assist ៣គ្រាប់។
ដោយឡែក ប្រកួតបន្ទាប់ Man Utd ត្រូវស្វាគមន៍ Man City ក្នុង Premier League ថ្ងៃសៅរ៍ទី១២ខែធ្នូ៕