ជាងមួយឆ្នាំក្រោយរងបម្រាមមិនបានលេងពានរង្វាន់ក្លិបអាជីពទ្វីបអាស៊ីដោយសារតែគ្មានក្រុមយុវជនU15នៅក្នុងក្លិប ទីបំផុត Hanoi FC ទទួលបានអាជ្ញាប័ណ្ណក្លិបអាជីពពីសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ីវិញ បន្ទាប់ពីក្លិបយក្សវៀតណាមមួយនេះបានបង្កើតក្រុមយុវជនU15សាជាថ្មីដើម្បីប្រកួតប្រជែងពានរង្វាន់យុវជនថ្នាក់ជាតិ។
គ្រូបង្វឹក Le Duc Tuan បាននិយាយក្នុងសន្និសីទសារព័ត៌មានកាលពីពាក់កណ្ដាលខែធ្នូឆ្នាំ២០២០នេះថាក្រុម Hanoi U15 ត្រូវបានបង្កើតឡើងវិញ៩ខែហើយ ក្រោយត្រូវបាន AFC ហាមមិនឱ្យលេងពានកម្រិតទ្វីប។ គោលបំណងធំនៃការបង្កើតឈុតU15ឡើងវិញនេះគឺដើម្បីឱ្យក្រុមធំបានលេងពានរៀបចំដោយ AFC ជាថ្មី។
គួរជម្រាបថា Hanoi FC ជាមោទកភាពមួយរបស់វៀតណាម ដោយក្នុងឆ្នាំ២០១៩ ជើងឯក V-League ៥សម័យមួយនេះ បានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ AFC Cup តែបានចាញ់ April 25 របស់កូរ៉េខាងជើង ដោយរូបមន្តគ្រាប់បាល់ក្រៅផ្ទះ (away goal) ក្រោយស្មើគ្នា០-០ក្រៅទឹកដី និងស្មើ២-២ក្នុងទឹកដី។ ក្រុម April 25 បានឡើងដល់វគ្គផ្ដាច់ព្រ័ត្រតែបានចាញ់ក្រុម Al-Ahed របស់លីបង់ ០-១។ ក្នុងវគ្គចែកពូល Hanoi FC ទទួលបានជ័យជម្នះធំបំផុតគឺជោគជ័យ១០ទល់នឹង០លើ ណាហ្គាវើលដ៍ របស់កម្ពុជា។
ក្នុងឆ្នាំ២០១៩ ពួកគេបានឈ្នះជើងឯកលីគកំពូលវៀតណាម V.League 1 ប៉ុន្តែមិនបានកៅអីលេង AFC Cup 2020 ឡើយ ដោយសារខ្វះឈុតយុវជន U15 បណ្ដាលឱ្យ AFC មិនផ្ដល់អាជ្ញាប័ណ្ណក្លិបអាជីព ដែលជាដំណឹងដ៏ភ្ញាក់ផ្អើលមួយសម្រាប់អ្នកស្នេហាបាល់ទាត់វៀតណាម។
តាមលក្ខខណ្ឌតម្រូវរបស់ AFC ក្រុមដែលអាចទទួលបានអាជ្ញាប័ណ្ណក្លិបអាជីពត្រូវបំពេញចំណុចជាច្រើន ក្នុងចំណោមនោះគឺឈុតយុវជន U13, U15, U17, U19 និង U21។ ក្នុងចំណោមឈុតយុវជនទាំង៥នេះ ត្រូវមានជាចម្បងជាងគេគឺ U15 និង U17 ហើយចូលរួមប្រកួតក្នុងពានរង្វាន់ថ្នាក់ជាតិ។ តែក្រុមយុវជន U15 របស់ Hanoi FC មិនបានចូលប្រកួតពានU15ថ្នាក់ជាតិឡើយ ធ្វើឱ្យ AFC មិនផ្ដល់អាជ្ញាប័ណ្ណ។
តែឥឡូវ Hanoi FC មានក្រុមU15 ប្រកួតពានថ្នាក់ជាតិវិញហើយ និងទទួលបានអាជ្ញាប័ណ្ណក្លិបអាជីពជាថ្មីពី AFC។
ដោយលីគកំពូលវៀតណាមឡើងកម្រិតលេងពាន AFC Champions League វិញ កៅអី ACL 2021 បានលើក្រុមជើងឯក Viettel FC។ ចំណែកក្រុម Hanoi FC បញ្ចប់រដូវកាលនៅលេខ២ បានកៅអី AFC Cup 2021៕