កីឡាករវាយកូនបាល់ជនជាតិអង់គ្លេស Dan Evans នឹងក្លាយជាគូប្រកួតទី១របស់កំពូលកីឡាករស្វ៊ីស Roger Federer ដែលបានអាក់ខានការប្រកួតជាង១ឆ្នាំដោយសាររបួស។
Evans បានផ្ដួលកីឡាករ Jeremy Chardy ៦-៤, ១-៦ និង ៦-២ ក្នុងជុំទី២ពាន Qatar Open ហើយនឹងឡើងទៅប៉ះ Federer ក្នុងវគ្គ១៦នាក់ចុងក្រោយនាថ្ងៃពុធទី១០ខែមីនាឆ្នាំ២០២១នេះ។
Federer បច្ចុប្បន្នវ័យ៣៩ឆ្នាំ បាត់មុខពីពានរង្វាន់នានារយៈពេលជាង១ឆ្នាំក្រោយវះកាត់ព្យាបាលជង្គង់២ដង ប៉ុន្តែបានវិលមកទីលានហ្វឹកហាត់វិញ និងបានសាកដៃជាមួយ Evans ថ្មីៗនេះ។
Evans វ័យ៣០ឆ្នាំ និយាយថាគេបានសាកដៃជាមួយ Federer ២សប្ដាហ៍ចុងក្រោយ ហើយគេគិតថាខ្លាចាស់រូបនេះនៅតែលេងល្អណាស់៕