អ្នកចាត់ការ Liverpool លោក Jurgen Klopp និយាយថាខ្សែការពារកណ្ដាល Virgil van Dijk និង Joe Gomez ទំនងមិនហ្វ៊ីត (Fit) ទាន់ពេល Euro 2020 រដូវក្ដៅនេះទេ។
កីឡាករជម្រើសជាតិហុល្លង់ Van Dijk បានទទួលការវះកាត់ព្យាបាលជង្គង់ក្នុងខែតុលា ខណៈ Gomez បានរបួសក្នុងខែវិច្ឆិកាអំឡុងពេលនៅជាមួយជម្រើសជាតិអង់គ្លេសនិងបានវះកាត់ព្យាបាលជង្គង់ឆ្វេង។
លោក Klopp និយាយថា Gomez មិនទាន់អាចរត់បានទេ ឯ Van Dijk រត់បានហើយ តែនៅពិបាក។
សូមជម្រាបថា ព្រឹត្តិការណ៍ Euro 2020 ត្រូវបានលើកពេលមកធ្វើក្នុងឆ្នាំ២០២១នេះ ពីថ្ងៃទី១១ខែមិថុនាដល់ថ្ងៃទី១១ខែកក្កដា។
ជុំវិញឱកាសលេងពាននេះសម្រាប់ខ្សែការពារទាំងទ្វេខាងលើ លោក Klopp និយាយថា៖ «ខ្ញុំមិនមែនជាអ្នកសម្រេចចិត្តទេ ប៉ុន្តែនិយាយស្មោះត្រង់ ព័ត៌មានដែលខ្ញុំមាននៅពេលនេះគឺពួកគេនឹងមិនទំនងថាបានលេងទេ។ មិនមែនមានន័យថាខ្ញុំមិនឱ្យពួកគេទៅទេ ប៉ុន្តែគឺដោយសាររយៈពេលនៃការព្យាបាលរបួសរបស់ពួកគេ។ ពួកយើងសង្ឃឹមថាពួកគេនឹងរួចរាល់ដើម្បីចាប់ផ្ដើម pre-season ជាមួយយើង។ នោះជាអ្វីដែលយើងទាំងអស់គ្នាសង្ឃឹម។ ចំពោះ Joel (Matip) ក៏ពួកយើងសង្ឃឹមដូចគ្នាអីចឹងដែរ»។
Matip ត្រូវអវត្តមានពេញរដូវកាល២០២០-២១នេះ ដោយសាររបួសកជើងកាលពីចុងខែមករា៕