ខ្សែប្រយុទ្ធ Robert Lewandowski ក្លាយជាកីឡាកររកបានគ្រាប់បាល់ច្រើនបំផុតទី២រួមក្នុងក្របខណ្ឌ Bundesliga រួមជាមួយលោក Klaus Fischer បន្ទាប់ពីរកបាន១គ្រាប់ក្នុងជ័យជម្នះ៣-១របស់ Bayern Munich នៅទឹកដី Werder Bremen កាលថ្ងៃសៅរ៍ទី១៣ខែមីនាឆ្នាំ២០២១។
នោះជាគ្រាប់បាល់ទី២៦៨របស់ Lewandowski ក្នុងលីគកំពូលអាល្លឺម៉ង់ ពី៣៤៥ប្រកួត ហើយមានតែ Gerd Muller ប៉ុណ្ណោះដែលរកបានគ្រាប់ច្រើនជាង គឺ៣៦៥គ្រាប់ តែប្រើពេល៤២៧ប្រកួត។ បើគិតជាមធ្យម Lewandowski រកបាន១គ្រាប់រៀងរាល់១០៣នាទី ចំណែក Muller រកបាន១គ្រាប់រៀងរាល់១០៥នាទី។
មែនទែនទៅ ក្នុងប្រកួតនោះ ខ្សែប្រយុទ្ធឆ្នើមប៉ូឡូញវ័យ៣២ឆ្នាំប៊ិះរកបានដល់ទៅ៤គ្រាប់ តែបានស៊ុតបុកបង្គោលទី២ដង និងរបាទី១ដង។
អតីតសមាជិក Dortmund ដដែល ក្នុងរដូវកាលនេះរកបាន៣២គ្រាប់ហើយនៅក្នុងលីគ ដែលកំពុងប្រដេញទៅរកការតាមឯតទគ្គកម្មរបស់លោក Muller ដែលរកបាន៤០គ្រាប់ក្នុងលីគក្នុងមួយរដូវកាល។
អ្នករកបានគ្រាប់ច្រើនបំផុតទី២រួមគឺ លោក Fischer រកបាន២៦៨គ្រាប់ពី៥៣៥ប្រកួតកាលលេងឱ្យ 1860 Munich, Schalke, Cologne និង Bochum។
លំដាប់ទី៤គឺលោក Jupp Heynckes រកបាន២២០គ្រាប់ពី៣៦៩ប្រកួតសម្រាប់ Monchengladbach និង Hannover។
អ្នកទី៥គឺលោក Manfred Burgsmuller រកបាន២១៣គ្រាប់ ពី៤៤៧ប្រកួតសម្រាប់ Rot-WeiB Essen, Dortmund, Nuremberg និង Werder Bremen៕