ដើម្បីជាការបន្ថែមបច្ចេកទេស និងកលល្បិចថ្មីៗដល់យុវជនសាលាតម្រង់ទិសទាំង២៥ខេត្តក្រុង សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានរៀបចំវគ្គបំពាក់បំប៉នពិសេសមួយដែលប្រព្រឹត្តទៅនៅមជ្ឈមណ្ឌល និងសាលាបាល់ទាត់ជាតិបាទី ក្រោមការដឹកនាំពីលោក Kazunori Ohara ដែលជានាយកបច្ចេកទេសសហព័ន្ធពីចន្លោះថ្ងៃទី០៧ ដល់ថ្ងៃទី១២ ខែកញ្ញា។
លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជាប្រាប់ AMS SPORTS នៅព្រឹកថ្ងៃសុក្រ ទី១១ ខែកញ្ញា នេះថា យុវជនដែលត្រូវបានជ្រើសរើសចូលជំរំហ្វឹកហាត់នេះសុទ្ធតែមកពីសាលាតម្រង់ទិសអាយុក្រោម១៨ឆ្នាំ ដោយចម្រាញ់យកម្នាក់តំណាងមួយសាលាដើម្បីទទួលយកការចែករំលែកមេរៀនថ្មីៗ។
ថ្នាក់ដឹកនាំសហព័ន្ធខាងលើលម្អិតបែបនេះ “៖ កម្មវិធីនេះធ្វើឡើងដើម្បីផ្ដល់ចំណេះដឹងថ្មីៗផ្នែកបាល់ទាត់ ទាំង បច្ចេកទេស និងកលល្បិច ព្រោះក្មេងក្រោម១៨ឆ្នាំត្រូវការរបៀបលេងថ្មី។ ដូច្នេះហើយបានជាលោក Ohara នាយក បច្ចេកទេស និងគ្រប់គ្រងសាលាតម្រង់់ទិសចង់ហៅក្មេងល្អៗលេចធ្លោជាងគេពីតាមសាលាតម្រង់ទិសនីមួយៗយកឲ្យមើលក្បាច់ថ្មីៗ ហើយពួកគេនឹងយកមេរៀនថ្មីៗនេះទៅផ្សព្វផ្សាយចែករំលែកដល់មិត្តរួមក្រុមដើម្បីបានឃើញអ្វីប្លែកៗដែរ។”
លោក កែវ សារ៉េត បន្ថែមថា កម្មវិធីប្រមូលផ្ដុំពិសេសបែបនេះនឹងមានរៀបចំបន្តទៀតនាពេលខាងមុខ។ មិនតែប៉ុណ្ណោះ ក្រៅពីកីឡាករ សហព័ន្ធក៏មានគម្រោងបំពាក់បំប៉នបន្ថែមផ្នែកវិក្រឹត្យការដល់គ្រូៗនៅតាមសាលាតម្រង់ទិសទាំង២៥ខេត្តក្រុងដែរ៕
រូបភាព ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា