ប្រធានសហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) លោក Aleksander Ceferin បានហែកកកាយភាពបាតដៃខ្នងដៃរបស់ប្រធានក្លិប Juventus និងអនុប្រធានប្រតិបត្តិ Manchester United ដែលនិយាយផ្សេងធ្វើផ្សឹង។ លោកក៏បានបញ្ជាក់ច្បាស់អំពីការរួមគ្នាប្រឆាំងដាច់អហង្ការចំពោះការបង្កើតពាន European Super League ជាមួយនឹងការព្រមានដាក់បម្រាមលើកីឡាករដែលលេងពាននេះផងដែរ។ លោកថា«ភាពលោភលន់»ជាដើមចមចម្បងនៃការបង្កើតពានដែលមានលក្ខណៈបិទជិតមួយនេះ។
ពិភពបាល់ទាត់បានធ្លាក់ចូលក្នុងសភាពច្របូកច្របល់នៅពេលព័ត៌មានលេចចេញកាលរាត្រីថ្ងៃអាទិត្យទី១៨ខែមេសាឆ្នាំ២០២១ អំពីក្លិបចំនួន១២រួមគ្នាប្រកាសបង្កើតពាន European Super League ប្រជែងជាមួយពាន UEFA Champions League។ ពួកគេថាក្លិបស្ថាបនិក៣ផ្សេងទៀតរួចរាល់ដើម្បីចូលរួម ខណៈក្រុម៥ដទៃទៀតនឹងត្រូវបានអញ្ជើញចូលរួមប្រកួតរៀងរាល់ឆ្នាំក្នុងលីគដែលមាន២០ក្រុមហើយចែកជា២ពូល។
ជាប្រតិកម្មតប លោក Ceferin ប្រធាន UEFA បាននិយាយតាមបណ្ដាញ Zoom ពីប្រទេសស្វ៊ីសថា៖ «កីឡាករដែលនឹងលេងក្នុងក្រុមដែលអាចលេងក្នុងលីគលក្ខណៈបិទជិតមួយ នឹងត្រូវបានហាមមិនឱ្យលេង World Cup និង Euro។ ពួកគេមិនអាចលេងឱ្យក្រុមជម្រើសជាតិក្នុងប្រកួតណាមួយបានឡើយ»។
ប្រមុខបាល់ទាត់អឺរ៉ុបជនជាតិស្លូវ៉ានី បន្តថា៖ «ខ្ញុំសូមសង្កត់ធ្ងន់បំផុតនៅខណៈនេះថា UEFA និងពិភពបាល់ទាត់ពួតដៃគ្នាប្រឆាំងនឹងគម្រោងការដ៏ទុយ៌សនិងបម្រើផលប្រយោជន៍ខ្លួនឯង ដែលបង្កើតឡើងដោយក្លិបមួយក្ដាប់តូចក្នុងទ្វីបអឺរ៉ុបដោយសារតែភាពលោភលន់របស់ខ្លួន។ គំនិតនេះជាការស្ដោះទឹកមាត់ដាក់មុខអ្នកស្រលាញ់បាល់ទាត់ទាំងអស់រួមទាំងមកលើសង្គមរបស់ពួកយើងផងដែរ។ ពួកយើងមិនត្រូវអនុញ្ញាតឱ្យពួកគេយកបាល់ទាត់ចេញពីយើងជាដាច់ខាត»។
«មិនត្រឹមតែពិភពបាល់ទាត់ទេ សូម្បីសង្គមនិងរដ្ឋាភិបាលនានាក៏រួមគ្នាប្រឆាំងគម្រោងការនេះដែរ។ វាជាផ្នែកនៃវប្បធម៌របស់យើង(ជួយគ្នា)។ ពួកយើងរួបរួមគ្នាប្រឆាំងនឹងគម្រោងការផ្ដេសផ្ដាសនេះ។ ពួកយើងមានសហព័ន្ធកីឡាបាល់ទាត់អង់គ្លេស, សហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ, សហព័ន្ធកីឡាបាល់ទាត់អ៊ីតាលី, Premier League, La Liga, Serie A និង FIFA រួមគ្នាជាឯកច្ឆន្ទប្រឆាំងនឹងផែនការអាក្រក់ៗទាំងនេះដែលផ្ទុយទាំងស្រុងនឹងភាពជាកីឡាបាល់ទាត់។ ពួកយើងមិនអាចហើយនឹងមិនអនុញ្ញាតឡើយ។ កីឡាអស្ចារ្យបំផុតអាស្រ័យលើការប្រកួតប្រជែងដោយបើកចំហ, សុចរិតភាព និងស្មារតីកីឡា ហើយពួកយើងនឹងគ្មានថ្ងៃអនុញ្ញាតឱ្យមានការកែប្រែគោលការណ៍ទាំងនេះឡើយ»។
ទន្ទឹមនឹងនេះ លោក Ceferin ក៏បានបកអាក្រាតចំៗចំពោះលោក Andrea Agnelli ប្រធានក្លិប Juventus និងលោក Ed Woodward អនុប្រធានក្លិប Manchester United ផងដែរ។
លោកនិយាយថា៖ «ខ្ញុំធ្លាប់ជួបរឿងជាច្រើនក្នុងជីវិតរបស់ខ្ញុំ, ខ្ញុំធ្លាប់ធ្វើជាមេធាវីនិងបានឃើញឧក្រិដ្ឋជនយ៉ាងច្រើន ប៉ុន្តែខ្ញុំមិនដែលឃើញមនុស្សណាអីចឹងទេ។ Woodward បានទូរសព្ទមកខ្ញុំថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ដើម្បីនិយាយប្រាប់ខ្ញុំថាពេញចិត្តចំពោះកំណែទម្រង់ (UCL) ហើយរឿងតែ១ដែលគាត់ចង់និយាយគឺអំពី FFP (ច្បាប់រឹតត្បិតការចាយរបស់ក្លិបនៅអឺរ៉ុប)។ Agnelli ប្រហែលជាគួរឱ្យខកចិត្តជាងគេ។ ខ្ញុំមិនចង់និយាយចំៗពេកទេ ប៉ុន្តែខ្ញុំមិនដែលឃើញមនុស្សណាកុហកច្រើនដងដូចគាត់បានធ្វើទេ។ ខ្ញុំបាននិយាយជាមួយគាត់ថ្ងៃសៅរ៍មុន ហើយគាត់ថារឿងទាំងនេះ(ពាន ESL) គ្រាន់តែជាចចាមអារ៉ាមទេ គ្មានអ្វីនឹងកើតឡើងឡើយ បន្ទាប់មកគាត់បិទទូរសព្ទ។ ភាពលោភលន់គឺក្រាស់ឃ្មឹកខ្លាំងពេកដែលធ្វើឱ្យតម្លៃមនុស្សបាត់បង់អស់។ វាល្អសម្រាប់ជីវិតដែលយើងដឹងថានរណាជាមនុស្សយ៉ាងម៉េច។ Super League គឺដើម្បីតែលុយ គឺលុយសម្រាប់ក្លិបមួយឡូ(១២)។ ខ្ញុំមិនចង់ហៅពួកគេថាជាក្លិបកខ្វក់ទាំង១២ទេ។ UEFA គឺអំពីការអភិវឌ្ឍបាល់ទាត់, អំពីការផ្ដល់ហិរញ្ញវត្ថុដល់អ្វីដែលគួរតែទទួលបាន ដែលធ្វើឱ្យបាល់ទាត់របស់យើង វប្បធម៌របស់យើងរស់រាន ប៉ុន្តែមនុស្សមួយចំនួនមិនយល់ពីរឿងនេះទេ»៕
ប្រភព៖ Marca