ក្លិប Bayern Munich នៅយប់ថ្ងៃអង្គារទី២០ខែមេសាឆ្នាំ២០២១នេះ បានចេញសេចក្ដីថ្លែងការណ៍បញ្ជាក់ជំហររបស់ពួកគេថានឹងមិនចូលរួមក្នុងពាន European Super League ឡើយ ហើយថែមទាំងសង្កត់ធ្ងន់ថា UEFA Champions League ជាពានរង្វាន់ក្លិបល្អបំផុតក្នុងពិភពលោក។
ប្រធានក្លិប Bayern លោក Herbert Hainer មានប្រសាសន៍ក្នុងសេចក្ដីថ្លែងការណ៍ថា៖ «សមាជិកនិងអ្នកគាំទ្ររបស់ពួកយើងបដិសេធការរៀបចំពាន Super League។ ក្នុងនាមជា FC Bayern វាជាក្ដីប្រាថ្នានិងបំណងរបស់ពួកយើងក្នុងការឃើញក្លិបបាល់ទាត់នៅអឺរ៉ុបរស់ក្នុងការប្រកួតដ៏រំភើបនិងអស្ចារ្យ នោះគឺ Champions League និងអភិវឌ្ឍវារួមគ្នាជាមួយ UEFA។ FC Bayern និយាយថាទេចំពោះ Super League»។
ចំណែក នាយកប្រតិបត្តិ Karl-Heinz Rummenigge បន្ទរបន្ថែមថា៖ «ជំនួសមុខឱ្យក្រុមប្រឹក្សាភិបាលក្លិប ខ្ញុំសូមបញ្ជាក់យ៉ាងច្បាស់លាស់ថា FC Bayern នឹងមិនចូលរួមក្នុង Super League ឡើយ។ FC Bayern សាមគ្គីជាមួយ Bundesliga។ វាតែងតែជាក្ដីសោមនស្សដ៏ធំធេងសម្រាប់ពួកយើងក្នុងការលេងតំណាងប្រទេសអាល្លឺម៉ង់ក្នុងពាន Champions League។ ពួកយើងទាំងអស់គ្នានៅចាំយ៉ាងរំភើបនៅឡើយទេអំពីជោគជ័យ Champions League 2020 របស់ពួកយើងនៅទីក្រុង Lisbon។ អ្នកមិនភ្លេចវេលាដ៏រីករាយបែបនេះឡើយ។ សម្រាប់ FC Bayern, Champions League គឺជាការប្រកួតពានរង្វាន់ក្លិបល្អបំផុតក្នុងពិភពលោក»៕