អ្នកគាំទ្រក្នុងចំនួនរហូតដល់១០ ០០០នាក់ ឬប្រមាណ២៥%នៃចំណុះសរុប នឹងត្រូវបានអនុញ្ញាតឱ្យចូលកីឡដ្ឋាននីមួយៗក្នុងប្រទេសអង់គ្លេសចាប់ពីថ្ងៃទី១៧ខែឧសភាឆ្នាំ២០២១តទៅ។ នេះតាមការបញ្ជាក់របស់នាយករដ្ឋមន្ត្រី Boris Johnson។
នោះក៏នឹងរួមបញ្ចូលការប្រកួត២សប្ដាហ៍ប្រកួតចុងក្រោយនៃក្របខណ្ឌ Premier League រដូវកាល២០២០-២១នេះផងដែរ ដោយកីឡដ្ឋាននឹងបើកសម្រាប់តែអ្នកគាំទ្រម្ចាស់ផ្ទះប៉ុណ្ណោះនៅក្នុងចំនួនដែលត្រូវបានកាត់បន្ថយ។
ការប្រកួត២ជុំចុងក្រោយនៃលីគកំពូលអង់គ្លេសនឹងធ្វើនៅថ្ងៃទី១៨-១៩ និង២៣ ខែឧសភា។
ប្រធានប្រតិបត្តិ Premier League លោក Richard Masters និយាយថាវាពិតជាល្អណាស់ដែលឃើញអ្នកគាំទ្រត្រលប់មកវិញ។ វត្តមានរបស់ពួកគេនឹងធ្វើឱ្យជុំចុងក្រោយ Premier League មានភាពអស្ចារ្យ។
កាលពីខែធ្នូឆ្នាំមុន អ្នកគាំទ្រក្នុងចំនួនរហូតដល់២ពាន់នាក់ត្រូវបានអនុញ្ញាតឱ្យចូលទស្សនាការប្រកួតមួយចំនួនក្នុង Premier League មុនពេលប្រទេសអង់គ្លេសត្រូវបានបិទខ្ទប់ជាថ្មី។
ស្នូឃើជាកីឡាករដំបូងដែលស្វាគមន៍ការត្រលប់មកវិញនៃអ្នកគាំទ្រ សប្ដាហ៍មុន ដោយមានទស្សនិកជន៩៨០នាក់ចូលទស្សនាការប្រកួតផ្ដាច់ព្រ័ត្រជើងឯកពិភពលោក World Snooker Championship។
រដ្ឋាភិបាលអង់គ្លេសសង្ឃឹមថានឹងបានបង្កើនចំនួនទស្សនិកជនក្នុងកីឡដ្ឋានឱ្យបានកាន់តែច្រើនឡើងចាប់ពីថ្ងៃទី២១ខែមិថុនាទៅ នៅពេលការរឹតបន្តឹងក្នុងប្រទេសត្រូវបានដកចេញបន្ថែមទៀត៕