Atletico Madrid បន្តក្ដោបក្ដាប់កំពូលតារាង La Liga ដែលនៅសល់១សប្ដាហ៍ប្រកួតទៀតប៉ុណ្ណោះ បន្ទាប់ពី Luis Suarez រកបានគ្រាប់ជ័យជម្នះយ៉ាងរំភើបនៅក្នុងនាទី៨៨ ដើម្បីផ្ដួល Osasuna ២-១ និងរក្សាគម្លាតនាំមុខ២ពិន្ទុលើគូប្រជែងរួមក្រុង Real Madrid ដែលនៅតែបន្តប្រដេញដល់ទីបញ្ចប់ ក្រោយឈ្នះ១-០ក្នុងថ្ងៃជាមួយគ្នានៅផ្ទះ Athletic Bilbao តាមរយៈគ្រាប់របស់ Nacho ក្នុងនាទី៦៨។
យប់មិញនេះ ម្ចាស់ផ្ទះ Atletico ត្រូវបានភ្ញៀវ Osasuna ដែលជាក្រុមពាក់កណ្ដាលតារាង នាំមុខមុនក្នុងនាទី៧៥។
ប៉ុន្តែ៧នាទីបន្ទាប់ Renan Lodi ដែលបានប្ដូរចូល ស៊ុតបញ្ចូលទីតាមស្មើឱ្យក្រុមលោក Diego Simeone។ ៦នាទីបន្ទាប់មកទៀត ពោលគឺនៅនាទី៨៨ Yannick Carrasco បញ្ជូលបាល់កាត់មកក្រោយឱ្យខ្សែប្រយុទ្ធអ៊ុយរុយហ្គាយ Suarez ទាត់បញ្ចូលយក៣ពិន្ទុយ៉ាងរំភើប។
Atletico ពេលនេះខិតកាន់តែកៀកមែនទែនហើយនឹងការឈ្នះពាន La Liga លើកដំបូងតាំងពីឆ្នាំ២០១៤ ដ្បិតពួកគេមាន៨៣ពិន្ទុពី៣៧ប្រកួត ច្រើនជាង២ពិន្ទុលើគូប្រជែងតែមួយគត់ដែលនៅសល់ គឺ Real Madrid។ ចំណែក Real មាន៨១ពិន្ទុ។
នៅថ្ងៃប្រកួតបញ្ចប់រដូវកាល គឺថ្ងៃទី២៥ខែឧសភា Atletico ត្រូវលេងនៅទឹកដីក្រុមលេខ១៩ Real Valladolid ដែលក៏ត្រូវការឈ្នះដែរដើម្បីអ៊ុតក្ដីសង្ឃឹមនៅលីគកំពូលបន្តទៀត។ ខណៈ Real ត្រូវទទួល Villarreal៕