Inter Milan បានបញ្ចប់ការរង់ចាំ១១ឆ្នាំដើម្បីគ្រងជើងឯក Serie A ជាថ្មី ហើយខ្សែប្រយុទ្ធបែលហ្ស៊ិក Romelu Lukaku បានរួមចំណែកធំក្នុងជោគជ័យរដូវកាល២០២០-២១នេះរបស់ក្រុមលោក Antonio Conte។
Inter បានទិញ Lukaku ពី Manchester United ក្នុងតម្លៃ៧៤លានផោនក្នុងខែសីហាឆ្នាំ២០១៩ តាមការចង់បានរបស់លោក Conte ដែលចិញ្ចឹមចិត្តចង់បានខ្សែប្រយុទ្ធកម្ពស់១៩០សមរូបនេះតាំងពីលោកនៅជាអ្នកចាត់ការ Chelsea ម្ល៉េះ។ ពេលលោកមកដល់ Inter ភ្លាម លោកបានកំណត់ច្បាស់ក្នុងចិត្តថាមិនត្រូវការ Mauro Icardi ឡើយ ហើយចង់បាន Lukaku មកជំនួស។
និយាយពី Icardi, ទោះបីតារាអាហ្សង់ទីនរូបនេះសម្បូររឿងចម្រូងចម្រាសក្រៅទីលាន ប៉ុន្តែនៅក្នុងការប្រកួត គេជាកីឡាករដែលអាចទុកចិត្តបានខ្លាំងបំផុតម្នាក់។ ជាក់ស្ដែងអតីតប្រធានក្រុម Inter រូបនេះរកបាន១១១គ្រាប់ពីការលេងជម្រើស១១នាក់ដំបូងក្នុង Serie A ១៦៩ប្រកួត។
Lukaku រកបាន៤២គ្រាប់ពី៩៦ប្រកួតក្នុងរយៈពេល២ឆ្នាំនៅ Man Utd។ ប៉ុន្តែសមត្ថភាពរកគ្រាប់បាល់របស់គេបានធ្លាក់ចុះនៅក្នុងពេលចុងក្រោយនៅក្លិបបិសាចក្រហម។ ២៦%នៃគ្រាប់បាល់ដែល Lukaku រកបានសម្រាប់ Man Utd កើតឡើងក្នុងពេល២ខែដំបូងនៃការមកដល់របស់គេនៅ Old Trafford។ គេរងការរិះគន់ចំពោះការលេងដែលមើលទៅដូចខ្ជិលៗ, ការទប់បាល់ក្រឡកពីជើងឆ្ងាយៗ និងការបញ្ចប់ទីមិនសូវច្បាស់ (ខ្ជះខ្ជាយ)។
ប៉ុន្តែក្រោយពេលមកដល់អ៊ីតាលី អតីតយុវជន Anderlecht វ័យ២៨ឆ្នាំ បានរះឡើងវិញ និងថែមទាំងវ៉ាលើសមធ្យមភាគនៃការទាត់បញ្ចូលទីរបស់ Icardi ទៀតផង។ Icardi គិតជាមធ្យម រកបាន១គ្រាប់ក្នុងពេល១៣៦នាទីសម្រាប់ Inter ក្នុង Serie A។ ឯ Lukaku គិតជាមធ្យម ប្រើពេល១២៩នាទីដើម្បីរកបាន១គ្រាប់ក្នុង Serie A (លេងក្នុងជម្រើស១១នាក់ដំបូងក្នុង Serie A ៦៣លើក រកបាន៤៤គ្រាប់)។
Lukaku បានជួយ Inter បន្ថយគម្លាតសមត្ថភាពក្រុមជាមួយគូប្រជែងនិងបញ្ចប់ការត្រួតត្រា៩ឆ្នាំរបស់ Juventus ក្នុងលីគកំពូលអ៊ីតាលី។
កាលពីរដូវកាល២០១៨-១៩ Inter បញ្ចប់រដូវកាលនៅក្រោម Juventus ដល់ទៅ២១ពិន្ទុ។ ប៉ុន្តែពេលមានវត្តមានរបស់ខ្សែប្រយុទ្ធ Lukaku និងគ្រូបង្គោល Conte ក្នុងក្រុម ពួកគេបានប្រែក្លាយជាក្រុមប្រជែងជើងឯកឡើងវិញក្នុងរដូវកាល២០១៩-២០ ហើយបញ្ចប់យុទ្ធនាការក្នុងលេខរៀងទី២ ដោយចាញ់ Juventus ត្រឹម១ពិន្ទុប៉ុណ្ណោះ។ ហើយក្នុងរដូវកាល២០២០-២១នេះ Inter យកជើងឯកបានសម្រេចតែម្ដង។
កាលនៅ Everton និង Man Utd, Lukaku ជារឿយៗត្រូវបានដាក់ឱ្យលេងជាខ្សែប្រយុទ្ធទោល។ តែនៅ Inter គេត្រូវបានលោក Conte ដាក់ឱ្យចាប់ដៃគូជាមួយ Lautaro Martinez ក្នុងប្រព័ន្ធ៣-៥-២។ Lukaku មិនត្រឹមតែបង្ហាញពីភាពរីកចម្រើននៃការលេងរបស់គេប៉ុណ្ណោះទេ តែគេថែមទាំងជួយឱ្យ Martinez លេងដល់សក្ដានុពលផងដែរ។ អ្នកទាំងពីរយល់ចិត្តគ្នាយ៉ាងល្អ។ នៅពេល Martinez ទម្លាក់មកក្រោមជ្រៅដើម្បីបង្កើតតំបន់ទំនេរ Lukaku នឹងរត់ពីក្រោយទៅរកតំបន់នោះ។ នៅពេល Lukaku ទប់បាល់បែរខ្នងទល់ខ្សែការពារ Martinez នឹងធ្វើចលនារកកន្លែងទាត់។ កីឡាករទាំង២អាចបំពេញគ្នាទៅវិញទៅមក ជាអ្នកបង្កើតឱកាស និងជាអ្នកស៊ុតបញ្ចូលទី ដែលធ្វើឱ្យពួកគេក្លាយជាដៃគូប្រយុទ្ធដែលខ្សែការពារពិបាកបិទ។
ក្នុងការលេងជម្រើស១១នាក់ដំបូងជាមួយគ្នា៦៤ប្រកួត ពួកគេអាស៊ីសឱ្យគ្នាទៅវិញទៅមក១៨គ្រាប់ ហើយអ្នកទាំងពីររកបានគ្រាប់បាល់បញ្ចូលគ្នាសរុបដល់ទៅ៨៧គ្រាប់។
កាលនៅ Man Utd, Lukaku លេងជាមួយ Marcus Rashford ៧៥លើក បង្កើតបានគ្រាប់បាល់ឱ្យគ្នា៩គ្រាប់។ លេងជាមួយ Anthony Martial ៦២លើក បង្កើតគ្រាប់បាល់ឱ្យគ្នាបាន១០គ្រាប់ប៉ុណ្ណោះ។
ការពាំងរក្សាបាល់ជាជំនាញចម្បងរបស់ខ្សែប្រយុទ្ធមាឌដំរីសាររូបនេះជានិច្ចមកហើយ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់គឺភាពរីកចម្រើននៃភាពច្នៃប្រតិដ្ឋរបស់ Lukaku នៅតំបន់ប្រយុទ្ធ។ តួយ៉ាង ដូចពេលគេអាស៊ីសគ្រាប់បើកឆាករបស់ Martinez ក្នុងជ័យជម្នះ៣-០របស់ Inter លើ AC Milan ក្នុងខែកុម្ភៈកន្លងទៅ។ គេបានបម្លាស់ទីទៅខាងស្ដាំ ប្រើល្បឿនរត់ហួសខ្សែការពារ Alessio Romagnoli រួចលើកបាល់យ៉ាងចំណានឱ្យ Martinez តែតបញ្ចូលទី។ គ្មានកីឡាករណាអាស៊ីសបានច្រើនជាង Lukaku ទេក្នុងក្របខណ្ឌ Serie A រដូវកាលនេះ។ ស្ទីលលេងរបស់ Lukaku មានចំណុចខ្លះស្រដៀង Karim Benzema ហើយឥឡូវ Lukaku មានភាពងាយស្រួលក្នុងការលេងភ្ជាប់(link play) និងនាំបាល់ពីខាងក្រោមមកយ៉ាងល្អ ខណៈចលនានិងភាពបត់បែនរបស់គេធានាថាការសម្រេចផលគឺនៅទីនោះដែរ។ គ្រាប់បាល់របស់គេក្នុងជ័យជម្នះ២-១លើ Sassuolo កាលថ្ងៃទី៧ខែមេសាជាតឹកតាងបញ្ជាក់ចំណុចនេះ ដែលគេបានប្រើទ្រូងបញ្ជូនបាល់ឱ្យ Martinez នៅខ្សែបន្ទាត់កែបាល់ រួចរត់យ៉ាងលឿនទៅក្នុងប្រអប់ដើម្បីតែតបាល់ក្រូសរបស់ Ashley Young បញ្ចូលទី។
គួរជម្រាបថា ពេលទៅដល់ Inter ភ្លាម បុគ្គលិកផ្នែកវិទ្យាសាស្ត្រកីឡារបស់ក្លិបនេះបានរៀបរបបអាហារឱ្យ Lukaku ដោយប្រើសាច់ពណ៌សនិងបន្លែ ដើម្បីសម្រកទម្ងន់។ វាបានហុចផល។ រដូវកាលនេះ អ្នកមុខជាបានឃើញរឿយៗហើយអំពី Lukaku ផ្ដួលខ្សែការពារនៅពេល counter-attack។ ដូចជាកាលឈ្នះ៣-១លើ Lazio ក្នុងខែកុម្ភៈ Lukaku ទទួលបានពីខាងតំបន់របស់ Inter រួចប្រើល្បឿនរត់ផុត Marco Parolo ហើយអាស៊ីសឱ្យ Martinez។
Inter ជាក្រុមដែលរកបានគ្រាប់ពី counter-attack ច្រើនជាងគេក្នុង Serie A រដូវកាលនេះ ហើយ Lukaku ជាកត្តារួមចំណែកយ៉ាងសំខាន់។
កាលនៅ Man Utd, Lukaku រងការរិះគន់ច្រើន ពិសេសក្នុងការប្រកួតធំៗទល់នឹង Big Six។ គេរកបានតែ១គ្រាប់និងអាស៊ីស៤គ្រាប់ក្នុងការលេង១១នាក់ដំបូង១៦ប្រកួតសម្រាប់ Man Utd ទល់នឹងក្រុមធំបំផុត៥ផ្សេងទៀតរបស់ Premier League។ ការរិះគន់បែបនេះក៏កើតមានចំពោះ Lukaku ដែរកាលគេទើបមកដល់ Inter ដំបូងៗ នៅពេលគេខ្ជះខ្ជាយឱកាសមាសក្នុងការប្រកួតដ៏សំខាន់ទល់នឹង Barcelona ដែលកំណត់ពីការឡើងធ្លាក់ក្នុងវគ្គចែកពូល Champions League និងក្នុងវគ្គផ្ដាច់ព្រ័ត្រ Europa League ទល់នឹង Sevilla។
តែក្នុងរដូវកាល២០២០-២១នេះ Lukaku មិនមែន Lukaku ដែលគេរិះគន់នោះទៀតទេ។ គេរួមចំណែកបង្កើតបាន៨គ្រាប់ក្នុងការចាប់ផ្ដើមការប្រកួត១០លើកទល់នឹងគូប្រជែងធំទាំង៦របស់ Inter Milan រួមមាន AC Milan, Atalanta, Juventus, Napoli, Lazio និង Roma។
Lukaku កន្លងមកបាននិយាយថាយុទ្ធសាស្ត្រប្រកបដោយការជំរុញទឹកចិត្តរបស់លោក Conte គឺជាកត្តាដែលធ្វើឱ្យគេរីកចម្រើន៕