Skip to content
ដឹងអត់ថាប្រាក់រង្វាន់ក្នុងពាន Champions League 2020-21 នេះច្រើនប៉ុនណា?
    ទំព័រដើម  »  កីឡាជាតិ

ដឹងអត់ថាប្រាក់រង្វាន់ក្នុងពាន Champions League 2020-21 នេះច្រើនប៉ុនណា?

តើ​អ្នក​ដឹង​ទេ? ការ​ឈ្នះ​ការ​ប្រកួត​ក្នុង​ពាន​រង្វាន់​ UEFA Champions League ទទួល​បាន​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​យ៉ាង​ច្រើន ហើយ​បើ​ឈ្នះ​គ្រប់​ប្រកួត​តាំងពី​វគ្គ​ចែកពូល​រហូត​ដល់​ឈ្នះ​ពាន ប្រាក់​រង្វាន់​សរុប​បាន​ដល់​ទៅ​១០០​លាន​ដុល្លារ​ឯណោះ​។

នេះ​​ជា​ប្រាក់​រង្វាន់​ពី​​​ការ​ឈ្នះ​ឬ​ស្មើ​ការ​ប្រកួត​ ដោយ​​មិន​ទាន់​បូក​បញ្ចូល​ប្រាក់​ចំណូល​ពី​សិទ្ធិ​ផ្សាយ​តាម​ទូរទស្សន៍​នៅឡើយ​ទេ​។ ហើយក៏​មិន​ទាន់​រាប់​បញ្ចូល​ប្រាក់​រង្វាន់​ពេល​ឈ្នះ​វគ្គ​ជម្រុះ​តាំង​ពី​ជុំ​បឋម​រហូត​ដល់​ជុំ​ទី​៣ មុន​លេង​វគ្គ​ចែកពូល​នៅឡើយ​ដែរ​។

​ដោយសារ​​ប្រាក់​រង្វាន់​​និង​ប្រាក់​ចំណូល​ពី​សិទ្ធិ​ផ្សាយយ៉ាង​សន្ធឹកសន្ធាប់​នេះ​ហើយ​ទើប​ក្លិប​ធំ​ៗ​តែង​តែ​ដាក់​គោលដៅ​​យក​កៅអី Champions League ឱ្យ​បាន​ពី​មួយ​រដូវ​កាល​ទៅ​មួយ​រដូវកាល​​។

ប៉ុន្តែ​ពិត​ណាស់​ថា ចំនួន​​ប្រាក់​រង្វាន់​ដែល​ក្លិប​នីមួយ​ៗ​ទទួល​បាន អាស្រ័យ​លើ​ចំនួន​ប្រកួត​ដែល​​ពួក​គេ​ឈ្នះ និង​​វគ្គ​ខ្ពស់​ប៉ុន​ណា​ដែល​ពួក​គេ​ឡើង​ដល់​។

សម្រាប់​រដូវកាល​២០២០-២១​នេះ

ក្រុម​លេង​​​វគ្គ​ជម្រុះ​បឋម (preliminary round) ទទួល​បាន​​ប្រាក់​រង្វាន់​២៣០ ០០០​អឺរ៉ូ (280428ដុល្លារ)។

ក្រុម​លេង​​​វគ្គ​​ជម្រុះ​ជុំ​ទី​១ (First qualifying round) ទទួល​បាន​២៨០ ០០០​អឺរ៉ូ​​ (341391ដុល្លារ)។

ក្រុម​លេង​​​វគ្គ​​ជម្រុះ​ជុំ​ទី​២ (Second qualifying round) ទទួល​បាន​៣៨០ ០០០​អឺរ៉ូ​ (463316ដុល្លារ)។

​នៅ​​វគ្គ​ជម្រុះ​ជុំ​ទី​៣ (Third qualifying round) ក្រុម​​ចាញ់​ ទទួល​បាន​៤៨០ ០០០​អឺរ៉ូ (585241ដុល្លារ)​។

ក្រុម​ឈ្នះ play-off ​ឡើង​​ចូល​វគ្គ​ចែក​ពូល ទទួល​បាន​​១៥,២៥​លាន​អឺរ៉ូ​ (18.59លានដុល្លារ)។

ពេល​លេង​វគ្គ​ចែក​ពូល បើ​ស្មើ​១​ប្រកួត ទទួល​បាន​៩០០ ០០០​អឺរ៉ូ (1097328 ​ដុល្លារ), បើ​ឈ្នះ​មួយ​ប្រកួត ទទួល​បាន២,៧​លាន​អឺរ៉ូ (​៣​លាន​ដុល្លារ)។

ឡើង​ដល់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ទទួល​បាន៩,៥​លាន​អឺរ៉ូ​ (11.58លានដុល្លារ)។

ឡើង​ដល់​វគ្គ​៨​ក្រុមចុង​ក្រោយ​ ទទួល​បាន​១០,៥​លាន​អឺរ៉ូ (12.80លានដុល្លារ)​។

ឡើង​ដល់​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ទទួល​បាន​១២​លាន​អឺរ៉ូ​ (14.63លានដុល្លារ)។

ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ អ្នក​ឈ្នះ​ទទួល​បាន​១៩​លាន​អឺរ៉ូ​ (23.17លានដុល្លារ)​ ខណៈ​អ្នកចាញ់​ទទួលបាន​១៥​លាន​អឺរ៉ូ​ (18.29 លានដុល្លារ)។

ដូច្នេះ សរុប​ទៅ បើ​ក្រុម​មួយ​ឈ្នះ​គ្រប់​ប្រកួត​តាំង​ពី​វគ្គ​ចែក​​ពូល រួច​ឡើង​រហូត​ដល់​លើក​ពាន ពួក​គេ​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​សរុប​៨២,៤៥​លាន​អឺរ៉ូ (១០០​លានដុល្លារ / ៧១​លានផោន) ពី UEFA។

សម្រាប់ Manchester City កាល​នៅ​វគ្គ​ចែក​ពូល ពួក​គេ​បាន​ឈ្នះ​​៥​​លើក​​និង​ស្មើ​១​លើក​។ បូក​ទាំង​លទ្ធផល​​ក្នុង​វគ្គ​​១៦​ក្រុម​ចុង​ក្រោយ, វគ្គ​៨​ក្រុម​ចុង​ក្រោយ និង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ទៀត មានន័យ​ថា​មក​ទល់​ពេលនេះ Man City ទទួល​បាន​ប្រាក់​រង្វាន់​ជាង​៦០​លាន​អឺរ៉ូ​រួច​ទៅ​ហើយ​។

ចំណែក​ Chelsea វិញ កាល​វគ្គចែក​ពូល ពួក​គេ​​បាន​​ឈ្នះ​៤​លើក​និង​ស្មើ​២​លើក​។ បូក​ជាមួយលទ្ធផល​ក្នុង​វគ្គ​១៦​ក្រុម, វគ្គ​៨​ក្រុម និង​វគ្គ​៤​ក្រុម​ចុង​ក្រោយ ពួក​គេ​ទទួល​បាន​ប្រាក់​រង្វាន់​ក្រោម​៦០​លាន​អឺរ៉ូ​មក​ទល់​ពេលនេះ​។

ក្រុមទាំង​២​នឹង​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​រាត្រី​ថ្ងៃ​ទី​២៩​ខែ​ឧសភា​ឆ្នាំ​២០២១​នេះ នៅ Porto ​ប្រទេស​ព័រទុយហ្គាល់ ត្រូវ​នឹង​ម៉ោង​២​រំលង​អធ្រាត្រនៅ​កម្ពុជា​។

សូម​ជម្រាប​ថា UEFA នឹង​​ផ្ដល់​​​លុយ​បន្ថែម​ទៀត​ដល់​ក្លិប​នានា​​សម្រាប់​សិទ្ធិ​ផ្សាយ​តាម​ទូរទស្សន៍ ​ហើយ​ប្រាក់​ទាំង​នោះ​នឹង​ត្រូវ​បាន​បែងចែក​​យោង​តាម​ទំហំ​​ទីផ្សារ​ទូរទស្សន៍​​៕