ស្ថានភាពវិវឌ្ឍជុំវិញអនាគតរបស់ Lionel Messi កំពុងកើតឡើងលឿនជាងការរំពឹងទុក បន្ទាប់ពី Barcelona បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ទី៥ខែសីហាឆ្នាំ២០២១ថាវីរបុរសអាហ្សង់ទីនរូបនេះនឹងចាកចេញ ដោយសារមិនអាចចុះកិច្ចសន្យាថ្មីបាន។
មួយថ្ងៃបន្ទាប់មក ស្រាប់តែព្រះអង្គម្ចាស់ Khalid bin Hamad Bin Khalifa Al-Thani ដែលជាព្រះអនុជនៃមហាក្សត្រកាតារដែលជាម្ចាស់ក្លិប Paris St Germain បានបង្ហោះលើ Twitter ថា Messi នឹងចូលរួម PSG។
ព្រះអង្គម្ចាស់រូបនេះបានបង្ហោះសារលើបណ្ដាញសង្គមថា៖ «ការចរចាបានឈានដល់ការឯកភាពគ្នាជាផ្លូវការហើយ ហើយនឹងមានការប្រកាសនៅពេលបន្ទាប់ #Messi»។
ព្រះអង្គម្ចាស់អង្គនេះថែមទាំងបានបង្ហោះរូបមួយទៀតដែល Sergio Ramos កៀកស្មា Messi អមដោយសំណេរថា«ពាន Champions League ៨ដង»។
សូមជម្រាបថា ក្នុងកិច្ចខិតខំពង្រឹងសមត្ថភាពក្រុមដើម្បីដណ្ដើមពាន UEFA Champions League ក្លិប PSG មកទល់ពេលនេះបាននាំចូលរួចហើយតារាជោគជ័យ UCL ដូចជា Sergio Ramos, Georginio Wijnaldum ពី Real Madrid និង Liverpool ដោយគ្មានតម្លៃផ្ទេរ។ នាំចូលអ្នកចាំទី Gianluigi Donnarumma ជើងឯកនិងជាម្ចាស់ពានកីឡាករល្អជាងគេប្រចាំ Euro 2020 ពី AC Milan ដោយមិនអស់ថ្លៃផ្ទេរ និងបានទិញ Achraf Hakimi ពី Inter Milan ផងដែរ៕