ខ្សែប្រយុទ្ធឆ្នើម Harry Kane របស់ Tottenham បាននិយាយថាគេមិនដែល«មិនព្រមចូលហាត់»ម្ដងណាឡើយ ហើយគេនឹងត្រលប់មកក្លិបមាន់ខ្នាយមាសវិញនៅថ្ងៃសៅរ៍ទី៧ខែសីហាឆ្នាំ២០២១នេះតាមគម្រោង។
បន្ទាប់ពីសម្រាកលម្ហែកាយក្រោយជួយអង់គ្លេសឡើងផ្ដាច់ព្រ័ត្រ Euro 2020 កីឡាករវ័យ២៨ឆ្នាំខាងលើមិនបានមកទីលានហ្វឹកហាត់របស់ Spurs កាលពីថ្ងៃចន្ទដើម្បីធ្វើតេស្តកូវីដ១៩ តាមកាលវិភាគកំណត់ឡើយ។
អ្នកចាត់ការ Manchester City បានបញ្ជាក់ពីចំណាប់អារម្មណ៍លើ Kane តែទំនងពុំហ៊ានដល់ថ្លៃ១៦០លានផោនតាមការទាមទាររបស់លោក Daniel Levy ឡើយ។
Kane និយាយថាគេឈឺចាប់ចំពោះមតិមួយចំនួនក្នុងសប្ដាហ៍នេះដែលចោទជាសំណួរចំពោះវិជ្ជាជីវៈរបស់គេ។
គេបានបង្ហោះលើ Twitter ថា៖ «ខ្ញុំសូមបញ្ជាក់ឱ្យបានច្បាស់ថាខ្ញុំគ្មានថ្ងៃ ហើយនិងមិនដែលបានបដិសេធដើម្បីមិនចូលហាត់ម្ដងណាឡើយ។ ខ្ញុំនឹងមិនធ្វើសកម្មភាពណាមួយដែលប៉ះពាល់ដល់ទំនាក់ទំនងរបស់ខ្ញុំជាមួយអ្នកគាំទ្រដែលបានផ្ដល់ការគាំទ្រដល់ខ្ញុំយ៉ាងច្រើនអំឡុងពេលខ្ញុំនៅជាមួយក្លិប។ មកទល់ថ្ងៃនេះ ខ្ញុំនៅតែដដែល»។
Kane បានចូលរួម Spurs តាំងពីអាយុ១១ឆ្នាំ និងសល់កិច្ចសន្យា៣ឆ្នាំទៀតជាមួយ Spurs បន្ទាប់ពីបានស៊ីញេកិច្ចសន្យាថ្មីក្នុងឆ្នាំ២០១៨។
រដូវកាល២០២០-២១ គេបានឈ្នះស្បែកជើងមាស Premier League ជាលើកទី៣ដោយរកបាន២៣គ្រាប់ បន្ទាប់ពីឈ្នះក្នុងរដូវកាល២០១៥-១៦ និង២០១៦-១៧។
មកទល់ពេលនេះ Kane រកបាន២២១គ្រាប់សម្រាប់ Spurs ស្ថិតក្នុងលេខរៀងទី២នៃបញ្ជីអ្នករកបានគ្រាប់បាល់ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រក្លិបមាន់ខ្នាយមាស នៅក្រោមលោក Jimmy Greaves ដែលរកបាន២៦៦គ្រាប់ពីឆ្នាំ១៩៦១ដល់១៩៧០។
Spurs នឹងបើកឆាក Premier League រដូវកាល២០២១-២២ ទល់ Man City នៅថ្ងៃអាទិត្យទី១៥ខែសីហា៕