ក្រុមហ៊ុនបណ្ដាញផ្សព្វផ្សាយកម្ពុជា ឬ CBS បានប្រកាសបើកកម្មវិធីប្រដាល់គុនខ្មែរថ្មីមួយដែលនឹងដំណើរការចាប់ពីថ្ងៃសុក្រ ទី០៤ ខែមីនា ឆ្នាំ២០២២ ដោយប្រព្រឹត្តទៅរៀងរាល់សប្ដាហ៍តែម្ដង ចាប់ពីម៉ោង៧យប់ដល់ម៉ោង៩យប់។
កម្មវិធីថ្មីនេះមានកីឡាករ២ប្រភេទទម្ងន់ផ្សេងគ្នា គឺទម្ងន់៥៤គីឡូក្រាម និង៥៧គីឡូក្រាម ដោយកីឡាករមួយប្រភេទទម្ងន់ចាប់ដៃគូជាមួយមួយប្រភេទទម្ងន់ទៀតក្នុងក្រុមតែមួយ ប្រកួតជាមួយកីឡាករក្រុមផ្សេងទៀត។
ក្នុងមួយប្រភេទទម្ងន់ត្រូវបែងចែកជា២ពូល ដោយមួយពូលមាន៤នាក់។ ក្នុងពូលនីមួយៗអ្នកប្រដាល់ម្នាក់ត្រូវប្រកួតចំនួន៣ប្រកួតអ្នកដែលមានពិន្ទុលើសគេចំនួន២រូបនឹងឡើងទៅប្រកួតវគ្គបន្តដោយលេខ១ពូលA ជួបលេខ២ពូល B និងលេខ១ពូល B ជួបជាមួយលេខ២ពូល A ។
ក្រុមទី១ដឹកនាំដោយគ្រូបង្វឹក រឿង សោភ័ណ្ឌ ឈ្មោះថាក្រុមនាគរាជនារតី ។ ក្រុមទី២ដែលដឹកនាំដោយអតីតអ្នកប្រដាល់ជើងខ្លាំងវង្ស ស៊ីថៃហៅចៅបុកល្ហុងនោះមានឈ្មោះថាក្រុមចចកបស្ចឹម។
ក្រុមទី៣ដែលដឹកនៃដោយអតីតអ្នកប្រដាល់ជើងខ្លាំងឡោ សំណាងមានឈ្មោះថាក្រុមឆ្លាមឦសាន។
ក្រុមទី៤ដឹកនាំដោយអតីតជើងខ្លាំងផុន ផាន់ណាមានឈ្មោះថាក្រុមទន្សោងទក្សិណ ។ក្រុមទី៥ដែលដឹកនាំដោយអតីតជើងខ្លាំងសរ សីមានឈ្មោះថាក្រុមកញ្ជ្រោងបូព៌ាក្រុមទី៦ដឹកនាំ ដោយអតីតជើងខ្លាំងពេជ្រ អារុណគឺក្រុមខ្លារធំពាយ័ព្យ ។ក្រុមទី៧ដឹកនាំដោយជើងខ្លាំងជ័យ ស៊ីណេតគឺក្រុមឥន្ទ្រីយ៍អគ្នេយ៍និងក្រុមទី៨ដឹកនាំដោយអតីតអ្នកប្រដាល់យុទ្ធគុនចម្រុះឈុត ឈុនលីមានឈ្មោះថាក្រុមខ្យាដំរីឧត្តរ។
ការប្រកួតដំណើរការរយៈពេល៤ខែ។ កីឡាករជើងឯក៥.០០០ដុល្លារ លេខ២បាន២.៥០០ដុល្លារលេខ៣បា ន១.០០០ដុល្លារ និង លេខ៤បានរង្វាន់លើកទឹកចិត្តចំនួន៥០០ដុល្លារ ។សម្រាប់ក្រុមនីមួយៗត្រូវសន្សំពិន្ទុបើក្រុមណាបានពិន្ទុលើសគេនឹងបានរង្វាន់សម្រាប់ក្រុមចំនួន៥.០០០ដុល្លារក្រៅពីរង្វាន់ជ័យលាភី។
សម្រាប់ក្រុមដែលមានពិន្ទុច្រើនជាងគេក្រោយចប់វគ្គចែកពូលនឹងទទួលបានប្រាក់រង្វាន់៥០០០ដុល្លារ ដោយយកមកចែកជាគ្នាជា២ចំណែក។
លោក ស៊ីថូ ណាថាន់, លោក យ៉េន ម៉ៅ, កញ្ញា ពេជ្រ ចរណៃ និងលោក សេន ប៊ុនថេន នឹងចូលរួមជាពិធីករ និងអ្នកវិភាគផង៕