លោកស្រី Nualphan Lamsam ឬគេស្គាល់ថា ម៉ាដាម Pang ទទួលបានពានរង្វាន់ ពីក្រសួងអភិវឌ្ឍសង្គម និងសុវត្ថិភាពប្រជាជន សម្រាប់ការខិតខំប្រឹងប្រែងលះបង់ ដើម្បីវិស័យបាល់ទាត់នៅប្រទេសថៃ។
ក្រសួងបានប្រកាសពីថ្ងៃពុធថា ការខិតខំប្រឹងប្រែងរបស់លោកស្រី ក្នុងការជួយជ្រោមជ្រែងឱ្យបាល់ទាត់ថៃ ទទួលបានជោគជ័យ ដែលស័ក្ដិសមឱ្យលោកស្រីទទួលបានពានរង្វាន់នេះ។
ម៉ាដាម Pang គឺជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនធានារ៉ាប់រង Muang Thai Insurance Plc។ លោកស្រីបានបង្ហាញឥទ្ធិពលក្នុងវិស័យបាល់ទាត់ថៃ ដោយបានបង្កើតប្រវត្តិសាស្ដ្រដឹកនាំក្រុមបាល់ទាត់នារីជម្រើសជាតិ ចូលរួមជុំចុងក្រោយ FIFA Women’s World Cup ពីរលើកក្នុងនាមជាអ្នកចាត់ការក្រុម ក្នុងឆ្នាំ២០១៥ និង ២០១៩។
ក្រោយមកសហព័ន្ធកីឡាបាល់ទាត់ថៃ បានតែងតាំងលោកស្រីជាអ្នកចាត់ការក្រុមបុរស។ ស្ដ្រីអ្នកជំនួញវ័យ៥៦ឆ្នាំរូបនេះ បាននាំយកលោក Mano Polking មកធ្វើជាគ្រូបង្គោលក្រុមជម្រើសជាតិថៃ ដែលដឹកនាំពួកគេឈ្នះជើងឯក AFF Suzuki Cup ជាលើកដំបូងក្នុងរយៈពេល៤ឆ្នាំចុងក្រោយ៕