Skip to content
E-Sports កម្ពុជាសហការជាមួយ MOONTON Games រៀបចំព្រឹត្តិការណ៍ធំមួយនៅកម្ពុជា
    ទំព័រដើម  »  កីឡាជាតិ

E-Sports កម្ពុជាសហការជាមួយ MOONTON Games រៀបចំព្រឹត្តិការណ៍ធំមួយនៅកម្ពុជា

សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) និងក្រុមហ៊ុនអភិវឌ្ឍកីឡាអេឡិចត្រូនិកអន្តរជាតិ MOONTON Games បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដើម្បីកិច្ចសហប្រតិបត្តិការអភិវឌ្ឍវិស័យកីឡា Esports នៅកម្ពុជា និងរៀបចំការព្រឹត្តិការណ៍ពានរង្វាន់អាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ (Mobile Legends Bang Bang Southeast Asia Cup ឬ MSC 2023)។


ពិធីនេះប្រារព្ធនាថ្ងៃអង្គារ៍ ទី១៤ ខែមីនា ឆ្នាំ២០២៣ នៅក្រសួងព័ត៌មាន ក្រោមអធិបតីភាពឯកឧត្តម ជា ច័ន្ទបរិបូណ៌ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា និងលោក Ray Ng ប្រធាន Esports Ecosystem នៃក្រុមហ៊ុន MOONTON Games, លោក ណយ ផាណា តំណាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា, លោក ប៉ែន វុទ្ធី អនុប្រធានទទួលបន្ទុករួម នាយកដ្ឋានអប់រំកាយ និងកីឡានៃក្រសួងអប់រំ យុវជន និងកីឡា, លោក លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា ព្រមទាំងភ្ញៀវជាច្រើនរូបទៀត។

ការចុះហត្ថលេខានេះ ក្នុងបំណងបង្កើតមូលដ្ឋានគ្រឹះនៃភាពជាដៃគូរវាងសហព័ន្ធ និងក្រុមហ៊ុន MOONTON ហើយជាផ្នែកមួយនៃការរួមគ្នាក្នុងការអភិវឌ្ឍឧស្សាហកម្មកីឡាអេឡិចត្រូនិកក្នុងស្រុក និងបង្កើតឲ្យមានព្រឹត្តិការណ៍ ថ្មីៗបន្ថែមទៀតក្នុងប្រទេស សម្រាប់កីឡាករ កីឡាការិនីអាជីពកម្ពុជា។ ក្នុងនោះ នឹងរៀបចំព្រឹត្តិការណ៍ពានរង្វាន់អាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ (Mobile Legends Bang Bang Southeast Asia Cup ឬ MSC 2023)ជាដើម។

លោក Ray Ng មានប្រសាសន៍ថា ៖«ជោគជ័យនៃការប្រកួត MPL Cambodia បានជួយពង្រឹងលើការអភិវឌ្ឍវិស័យ Esports នៅកម្ពុជា។ យើងខ្ញុំទន្ទឹងរង់ចាំនាំមកនូវព្រឹត្តិការណ៍ MSC 2023 ដើម្បីផ្តល់ឱកាសដ៏អស្ចារ្យបន្ថែមទៀតដល់អត្តពលិកកម្ពុជាដែលមានទេពកោលសល្យ។ យើងពិតជារីករាយក្នុងការបង្ហាញអត្តពលិកកម្ពុជាដ៏មានសក្តានុពលទៅកាន់ឆាកអន្តរជាតិ»។

ចំណែក ឯកឧត្តម ជា ច័ន្ទបរិបូណ៌ មានប្រសាសន៍ថា ៖«អ្វីដែលគួរឲ្យចាប់អារម្មណ៍ ឆ្នាំ២០២៣នេះ MOONTON GAMES បានផ្តោតមកលើព្រះរាជាណាចក្រកម្ពុជា និងបានសហការជាមួយសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា រៀបចំព្រឹត្តិការណ៍ដ៏ធំមួយនេះ នៅរាជធានីភ្នំពេញ ឱកាសធ្វើជាម្ចាស់ផ្ទះ រៀបចំព្រឹត្តិការណ៍ប្រកួតលំដាប់អន្តរជាតិដ៏ធំមួយនេះ គឺស្តែងអោយឃើញពីការអភិវឌ្ឍរបស់ព្រះរាជាណាចក្រកម្ពុជានិយាយជារួម និងលើវិស័យកីឡាអេឡិចត្រូនិក និយាយដោយឡែក ដោយឈរលើមូលដ្ឋាននៃកត្តាសុខសន្តិភាព សុខសុវត្ថិភាពពេញបរិបូរណ៍ ជាពិសេសគឺហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាការគ្រប់គ្រងបានយ៉ាងល្អ និងលុបបំបាត់ស្ទើរទាំងស្រុងនៃជំងឺកូវីដ-១៩។

សម្រាប់ព្រឹត្តិការណ៍ MSC ឆ្នាំ២០២៣ គ្រោងចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ ដែលជាការប្រកួតលក្ខណៈអាជីព (Pro Team) មានការចូលរួមពីក្រុមអាជីពចំនួន ១២ក្រុម មកពីព្រះរាជាណាចក្រកម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សឹង្ហបុរី ហ្វីលីពីន វៀតណាម ឡាវ ថៃ អាមេរិកខាងជើង និងប្រទេសមជ្ឈិមបូព៌ា អាហ្រ្វិកខាងជើង និងតួគី។
ចំនួន Slot ដែលនឹងផ្តល់ជូនតាមប្រទេសនីមួយៗ រួមមាន៖

  • ឥណ្ឌូនេស៊ី- ២ ក្រុម
  • ហ្វីលីពីន- ២ ក្រុម
  • ម៉ាឡេស៊ី- ១ ក្រុម
  • កម្ពុជា- ១ ក្រុម
  • សឹង្ហបុរី- ១ ក្រុម
  • មីយ៉ាន់ម៉ា- ១ ក្រុម
  • តួគី- ១ ក្រុម
  • មជ្ឈឹមបូព៌ា និងអាហ្រ្វិកខាងជើង- ១ ក្រុម
  • អាមេរិកខាងជើង- ១ ក្រុម
  • ប្រកួតជម្រុះតំបន់ទន្លេមេគង្គ (ថៃ ឡាវ និងវៀតណាម)- យក ១ ក្រុម៕