Skip to content
ឧកញ៉ា សុខ ហុង រៀបចំពិធីពិសាអាហារថ្ងៃត្រង់ និងប្រគល់រង្វាន់លើកទឹកចិត្តដល់អត្តពលិកជាង ១០០នាក់
    ទំព័រដើម  »  កីឡាជាតិ

ឧកញ៉ា សុខ ហុង រៀបចំពិធីពិសាអាហារថ្ងៃត្រង់ និងប្រគល់រង្វាន់លើកទឹកចិត្តដល់អត្តពលិកជាង ១០០នាក់

នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ លោកឧកញ៉ា សុខ ហុង អគ្គនាយកក្រុមហ៊ុន អេចអេសសុីគ្រុបបានរៀបចំពិធីពិសារអាហារថ្ងៃត្រង់ និងប្រគល់រង្វាន់លើកទឹកចិត្តជូនដល់អត្តពលិកមានពិការភាពជាង១០០នាក់មកពីបណ្តាខេត្តក្រុងនានាទូទាំងប្រទេសដែលបានឈ្នះមេដាយជូនជាតិក្នុងព្រឹត្តការណ៍ អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ និងបានបញ្ចប់យ៉ាងជោគជ័យនៅពហុកីឡដ្ឋានជាតិមរតកតេជោកាលពីពេលថ្មីៗកន្លងទៅ ក្នុងគោលបំណងបង្ហាញពីទឹកចិត្តស្រឡាញ់និងគាំទ្រចំពោះវិស័យកីឡានៅកម្ពុជា និងចូលរួមអបអរសាទរនូវសមិទ្ធផលដ៏អស្ចារ្យរបស់អត្តពលិកទាំងអស់។

ជាមួយជំនួបដ៏រីករាយនេះ លោក សុខ ចេន អគ្គនាយករងក្រុមហ៊ុន អេច អេស សុីគ្រុប និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកឧកញ៉ា សុខ ហុង បានសម្តែងនូវមោទកភាព និងសេចក្តីអំណរយ៉ាងខ្លាំងចំពោះភាពជោគជ័យ និងការលះបង់របស់អត្តពលិកមានពិការភាពទាំងអស់ដែលខិតខំប្រឹងប្រែងហ្វឹកហាត់ និងចូលរួមប្រកួតដោយភាពស្វាហាប់តំណាងឲ្យជាតិមាតុភូមិ។

នៅក្នុងកម្មវិធីសប្បុរសធម៍ដ៏វិសេសវិសាលនេះឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈកម្មការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោក ឧកញ៉ា សុខ ហុង អគ្គនាយកក្រុមហ៊ុន អេច អេស សុីគ្រុប ដែលបានរៀបចំកម្មវិធីពិសារអាហារសាមគ្គី និងប្រគល់រង្វាន់លើកទឹកចិត្តដល់អត្តពលិក ប៉ារ៉ាឡាំពិកកម្ពុជាដែលបានមេដាយក្នុងព្រឹត្តិការណ៍កីឡាអាស៊ាន ប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលរង្វាន់រួមមានភេសជ្ជៈចំនួន ១៨៩៨កេស និងថវិការសរុបជាទឹកប្រាក់ ១៣០ ០០០ ០០០រៀល។

គួររំលឹកផងដែរថា ការចែករំលែកតាមរយៈកម្មវិធីសង្គមនានាជាអ្វីដែលលោកឧកញ៉ា សុខ ហុង ដែលតែងតែផ្តួចផ្តើម និងធ្វើឡើងដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើន និងនាំមកនូវស្នាមញញឹមជូនដល់ប្រជាជនកម្ពុជាគ្រប់រូប។