កញ្ញា ជា ថារី អាជ្ញាកណ្ដាលអន្ដរជាតិកីឡាការ៉ាតេ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៩ នៅទីក្រុងហាវចូវ ប្រទេសចិន បានបង្ហាញពីមោទកភាព ដែលក្លាយជាស្ដ្រីកម្ពុជា ១រូប ត្រូវបានសហព័ន្ធកីឡាការ៉ាតេអាស៊ី ជ្រើសរើសទៅចូលរួមកាត់សេចក្ដី ក្នុងព្រឹត្តិការណ៍ដ៏ធំប្រចាំទ្វីបអាស៊ីចាប់ពីថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី៨ ខែតុលា កន្លងទៅ។
អាជ្ញាកណ្តាលកម្រិតអន្តរជាតិរូបនេះថ្លែងថា ការចូលរួមធ្វើការងារជាមួយគេ គឺមិនមានការលំបាកអ្វីទេ ដោយសារ មានច្បាប់រួមតែមួយប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត កម្ពុជា ធ្លាប់បញ្ជូនអាជ្ញាកណ្ដាល មកសិក្សាបណ្ដុះបណ្ដាលនៅក្រៅប្រទេសជាច្រើនដងមកហេីយ ទើបយើងមិនមានការលំបាក ពេលចូលរួមជាមួយគេ។ កញ្ញា ជា ថារី ក៏បានផ្តាំទៅកីឡាករ-កីឡាការិនីទៀតថា យើងទៅលេងកីឡាណាមួយ យើង ត្រូវចេះច្បាប់កីឡានោះ ប្រសិនជាកីឡាករយើង មិនចេះច្បាប់កីឡានោះទេ គឺយើង មិនអាចប្រកួតឈ្នះគេ បានទេ។
គួរដឹងផងដែរថា កញ្ញា ថារី ប្រើពេល ៧ឆ្នាំចុងក្រោយនេះ ជាអាជ្ញាកណ្ដាល ដោយបានប្រឹងប្រែងហ្វឹកហាត់ រៀនវគ្គបណ្ដុះបណ្ដាលនានា ដើម្បីចូលរួមប្រឡងទទួលសញ្ញាប័ត្រ ពីសហព័ន្ធកីឡាការ៉ាតេអាស៊ី៕