ក្រោយខកខាកឈប់ប្រលូកសង្វៀនគុនខ្មែរជាង ២០ឆ្នាំ ស៊េរីចាស់គុនខ្មែរ ក្រាក់ សម្ភស្ស នៅតែធ្វើឱ្យអ្នកគាំទ្រគុនខ្មែរទាំងអស់ជក់ចិត្តសម្រាប់ការប្រកួតរបស់គាត់កាលពីសប្តាហ៍មុនជាមួយជើងចាស់មកពីថៃកីឡាករ ម៉ែត ម៉ាន់ នោះ។
ក្រោយកីឡាកររហ័សនាមស្មងដែកទាព្រលឹងទាត់ឱ្យកីឡាករថៃបែកជើងឈាម ត្រូវក្រុមគ្រូពេទ្យបញ្ឈប់ការប្រកួតនោះ, លោក ឡុង អ្នកធ្លាប់ទស្សនាការប្រកួតរបស់ ក្រាក់ សម្ភស្ស ពីមុនៗដែរ មានការភ្ញាក់ផ្អើលជាខ្លាំងក្រោយឃើញវត្តមានគ្រូ សម្ភស្ស ឡើងសង្វៀនសារជាថ្មីនេះ។
អ្នកមានមូលដ្ឋានក្នុងគីឡូម៉ែត្រលេខ៦ ដដែលបានបន្តថាសម្រាប់ការបង្ហាញជាថ្មីនេះ សម្រាប់ក្បាច់វ៉ៃ គុណផលនៃការប្រកួត នៅតែល្អមើល, ពិសេសលោក ឡុង សង្កត់ធ្ងន់ថាលោកចូលចិត្តស្នៀតកែង និងរន្ទះជើងរបស់ជើងចាស់ក្រាក់ សម្ភស្ស។
ខ្ញុំថាដឹងតែមិនឈ្នះ ក្រាក់ សម្ភស្ស ទេព្រោះថាគាត់ជើងចាស់មកយូរដែលហើយ។
ទន្ទឹមគ្នាដែរ លោក សាន់ ជាអ្នកខេត្តកំពង់ចាមជាលើកទីមួយសម្រាប់លោកក្នុងការឃើញការប្រកួតជាក់ស្តែងរបស់កីឡាករ ក្រាក់ សម្ភស្ស លោកថាការចេញក្បាច់របស់ស្មងដែកទាព្រលឹង ពិតជាខ្លាំងនិងល្បីដូចគេថាមែន។ អ្នកដឹកជញ្ជូនដដែលក៏បានសូមណូមពរបើអាចរៀបគូប្រកួតណាប្រហែលៗគាត់ប្រកួតទៀត ដើម្បីឱ្យកីឡាករ ក្រាក់ សម្ភស្ស បង្ហាញ នឹងផ្សព្វផ្សាយនៅក្បាច់គុនល្អៗទៅដល់អ្នកជំនាន់ក្រោយៗទៀត។
ក្បាច់គាត់ល្អ ជក់ចិត្ត កម្លាំងដូចគេនិយាយមែន ព្រោះកម្លាំងជើងគាត់ល្អ ជើងដៃគាត់ចេញមកល្អម៉ង។
ក្រោយទាត់ជើងកីឡាករថៃឱ្យបែកឈាមត្រូវគ្រូពេទ្យបញ្ឈប់ នេះវាជាការឈ្នះលើកទី ១០៧៣ ដងរបស់ស៊េរីចាស់ ក្រាក់ សម្ភស្ស ពោលរូបលោកធ្លាប់ប្រកួតសរុបជាង ១៥១២ ដង ក្នុងនោះឈ្នះ ១០៧២ ដង និងចាញ់ខ្ទង់ ៤៤១ លើក៕