យុវជន ហ្សង វីរ៉ូ និង យុវតី ហៀង លក្ខិណា ជាម្ចាស់ជ័យលាភីលេខ១ ប្រភេទវាយសីជាគូ កម្រិត B ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាវាយសី ក្លិបអេកស៍-ភី Open២០២៣ បានលើកឡើងថាពួកគេទើបតែស្គាល់គ្នា និងបានហ្វឹកហាត់ត្រៀមខ្លួនជាមួយគ្នាបានប្រមាណ ១ខែប៉ុណ្ណោះ ដើម្បីត្រៀមខ្លួនចូលប្រកួត X-P Open ២០២៣នេះ។ ដើមទងដែលពួកគេទើបតែស្គាល់គ្នាក៏ព្រោះតែ វីរ៉ូ រស់នៅអូស្ត្រាលី ម្ល៉ោះហើយអ្នកទាំងពីរទើបតែបានស្គាល់គ្នានៅក្លឹបវាយសីមុនពេលដាក់ពាក្យចូលរួមប្រកួតនេះ។
បន្ថែមពីនេះ វីរ៉ូ ដែលជាកូនខ្មែររស់នៅក្រៅប្រទេសក៏បានសរសើរអំពីកីឡាករខ្មែរដែលបានចូលរួមថាមានសមត្ថភាពល្អ កម្លាំង រហ័ស និងមិនងាយសម្រាប់ការយកឈ្នះប៉ុន្មានទេ។ ជាមួយគ្នាពួកគេក៏បានអរគុណទៅដល់អ្នកគាំទ្រ ក៏ដូចជាក្រុមគ្រួសារដែលបានមកលើកទឹកចិត្តពួកគេផងដែរ។
ពួកយើងស្គាល់គ្នានៅតារាងសី ធ្លាប់វ៉ៃសីទល់ជាមួយគ្នាធម្មតា ដល់ពេលឃើញមានកម្មវិធីប្រកួត X-P ក៏ចាប់ដៃគូគ្នាចូលប្រកួតប្រជែង ។
ហ្សង វីរ៉ូ និង ហៀង លក្ខិណា ក្នុងវគ្គផ្តាច់ព្រ័ត្រវាយសីជាគូកម្រិត B បានយកឈ្នះលើកីឡាករ ឆៃគីម និង មុន្នី ២ សេត ទល់នឹង ១ ដោយសេតទី១ឈ្នះ ២១-១៧, សេតទី២ ២១-២៣ និងសេតចុងក្រោយ ២១-១៧៕