យុវជន ធី វុដ្ថារ័ត្ន ខ្សែបម្រើក្រុមវិទ្យាល័យ ជ័យវរ្ម័នទី៧ បានលើកឡើងជុំវិញហេតុផលដែលខ្លួនទើបមានវត្តមានក្នុងពាន AIA ជើងឯកវិទ្យាល័យកាលនៅរដូវកាលនេះ ក៏ព្រោះតែឆ្នាំទៅរូបគេត្រូវបានកាត់ឈ្មោះចេញពីបញ្ជីរបស់ក្រុម ទាក់ទងនិងបញ្ហាមិនគោរពវិន័យ ការមិនមកហ្វឹកហាត់ទៀងទាត់ជាមួយក្រុមបានជាប់លាប់នោះ។
ម្ចាស់អាវលេខ ១០ប្រចាំក្រុមមានមូលដ្ឋាននៅស្រុកកៀនស្វាយបន្តថាការបង្កភាពមិនគោរពវិន័យនេះកើតឡើង ក៏ព្រោះកាលនោះរូបគេជាប់រវល់ជួយកិច្ចការក្រុមគ្រួសាររកស៊ីប្រចាំថ្ងៃពេក។ បន្ថែមពីនេះសិស្សថ្នាក់ទី ១០ដដែលក៏បានបង្ហាញអារម្មណ៍អាក់អន់ចិត្តខ្លះដែរកាលនោះ ពីព្រោះឃើញរួមថ្នាក់ដែលធ្លាប់លេងជាមួយគ្នាគេបានលេងតំណែងឱ្យសាលា។ ដោយសារតែចិត្តស្រឡាញ់ និងចង់លេងតំណែងឱ្យសាលាក្នុងពានដល់ធំកម្រិតវិទ្យាល័យនៅរដូវកាលទី ៤នេះ វុដ្ថារ័ត្ន បានសុំការអនុញ្ញាតពីក្រុមគ្រួសារយកពេលមកហ្វឹកហាត់ជាមួយសាលាដើម្បីធានាបានឱកាសលេងឱ្យវិទ្យាល័យក្នុងរដូវកាលឆ្នាំ២០២៤នេះ។
ធី វុដ្ថារ័ត្ន ក្នុងនាមជាខ្សែបម្រើកណ្តាលប្រចាំក្រុមវិទ្យាល័យ ជ័យវរ្ម័នទី៧ រូបគេពិតជាដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយក្រុមវិទ្យាល័យខ្លួនឈរនៅតំណែងជាក្រុមល្អទាំងបួនចុងក្រោយ សម្រាប់បន្តប្រកួតប្រជែងគ្នាដណ្តើមពាន AIA ជើងឯកវិទ្យាល័យកាលនៅរដូវកាលទី៤នេះ៕