ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ AIA ជើងឯកវិទ្យាល័យរដូវកាលទី៣ រវាងក្រុមវិទ្យាល័យប្ញស្សីកែវ និងក្រុមវិទ្យាល័យ ឥន្ទ្រទេវី នឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
ស្ថិតនៅក្នុងដំណើរប្រកួតស្វែងរកកៅអីឈានទៅដល់វគ្គផ្តាច់ព្រ័ត្រនេះ ក្រុមវិទ្យាល័យប្ញស្សីកែវ បានបញ្ចប់វគ្គវិលជុំសន្សំពិន្ទុក្នុងនាមក្រុមដែលមានពិន្ទុខ្ពស់ជាងគេ។ លុះចូលដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្រុមដែលមានមូលដ្ឋាននៅខណ្ឌប្ញស្សីកែវបានយកឈ្នះលើក្រុមចំណូលថ្មី វិទ្យាល័យជ័យវរ្ម័នទី៧ ទាំងពីរជើងក្នុងលទ្ធផលសរុប ៩-១ នាទីលានបឹងត្របែកកន្លងទៅ។
ទន្ទឹមគ្នាដែរសម្រាប់ក្រុមវិទ្យាល័យ ឥន្ទ្រទេវី ដែលបញ្ចប់ទៅវគ្គសន្សំពិន្ទុក្នុងចំណាត់ថ្នាក់ទី២ នៃតារាងពិន្ទុសរុបនោះ កាលពីវគ្គ១/៤ បានយកឈ្នះលើក្រុមវិទ្យាល័យសម្តេចហ៊ុនសែនប៊ុនរ៉ានីច្បារអំពៅ ទាំងពីរជើងក្នុងលទ្ធផលសរុប ៦-៣ ។
ក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ AIA ជើងឯកវិទ្យាល័យរដូវកាលទី៣ ក្រៅតែពីជំនួបស្វែងរកម្ចាស់ជើងឯករដូវកាលថ្មីនេះក៏នឹងមានទស្សនីយភាពការសម្តែងសិល្បៈ ជក់ចិត្តពិសេសៗជាច្រើន សម្រាប់ការចូលរួមទស្សនាមិនមានការលក់សំបុត្រអ្វីនោះទេសូមចូលរួមទស្សនាឱ្យបានច្រើនកុះករ។ កម្មវិធីសម្តែងនឹងចាប់ផ្តើមពីម៉ោង ២:៥០នាទីរសៀលតទៅ។ សម្រាប់ការប្រកួតដណ្តើមជើងឯកនឹងចាប់ផ្តើមពីម៉ោង ៣:៣០នាទីរសៀល នៅលើវាលស្មៅនៃពហុកីឡដ្ឋានជាតិអូឡាំពិក៕